ហានិភ័យ នៃការប្រើប្រាស់កម្មវិធី Real-Time Location Sharing !

ភ្នំពេញ៖ ការប្រើប្រាស់កម្មវិធីចែករំលែកទីតាំងផ្ទាល់ខ្លួន (Real-Time Location) ដែលមានមុខងារតាមដានទីតាំងណាត់ជួប ឬសុវត្ថិភាពសមាជិកគ្រួសារ មិត្តភក្តិ កំពុងមានប្រជាប្រិយភាពក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមជាពិសេសស្រទាប់យុវវ័យ។
ទោះបីកម្មវិធីនេះផ្តល់ភាពងាយស្រួលក្នុងការតាមដានទីតាំងក៏ដោយ ប៉ុន្តែការប្រើប្រាស់ដោយខ្វះការប្រុងប្រយ័ត្នអាចនាំមកនូវហានិភ័យធ្ងន់ធ្ងរមួយចំនួនដូចខាងក្រោម៖
១. ហានិភ័យបាត់បង់ឯកជនភាព៖ ការបើក Real-time location អាចឱ្យអ្នកដទៃ ដឹងគ្រប់សកម្មភាពរបស់អ្នកថាអ្នកនៅទីកន្លែងណា និងធ្វើដំណើរទៅទីណា។ ប្រសិនបើព័ត៌មាននេះធ្លាក់ទៅក្នុងដៃជនខិលខូច ពួកគេអាចប្រើប្រាស់វាដើម្បីតាមដានប្រព្រឹត្តអំពើទុច្ចរិតលើអ្នក
២. ហានិភ័យចោរកម្ម៖ ការបង្ហាញទីតាំងថាអ្នកកំពុងនៅឆ្ងាយពីផ្ទះ អាចក្លាយជាឱកាស សម្រាប់ជនខិលខូចគាស់ផ្ទះ លួចយកនូវសម្ភារៈមានតម្លៃ
៣. ហានិភ័យលេចធ្លាយទិន្នន័យ៖ កម្មវិធីមួយចំនួនអាចប្រមូលទិន្នន័យរបស់លោកអ្នកតាមរយៈការបញ្ចូលអត្តសញ្ញាណដូចជា ឈ្មោះអាសយដ្ឋាន លេខទូរស័ព្ទដៃជាដេីម ដើម្បីយកលក់បន្ត ឬអាចរងការវាយប្រហារពី Hacker ដែលធ្វើឱ្យព័ត៌មានសម្ងាត់របស់អ្នកត្រូវបានលាតត្រដាង
ដើម្បីកាត់បន្ថយហានិភ័យខាងលើ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ដាច់ខាតកុំចែករំលែកទីតាំងតាមរយៈQR Code ឬ ID គណនីរបស់ខ្លួនទៅកាន់ជនមិនស្គាល់ ឬលើបណ្តាញសង្គម ដោយគប្បីប្រើប្រាស់តែជាមួយក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធ។ សូមប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវខ្ពស់ ជៀសវាងប្រឈមនឹងហានិភ័យដោយមិនដឹងខ្លួន៕

