អភិបាលខេត្តកំពង់ចាម អញ្ជើញផ្ដល់អំណោយអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ប្រគេនដល់ព្រះសង្ឃរងគ្រោះដោយអគ្គីភ័យ នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន

កំពង់ចាម៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅប្រគេនព្រះសង្ឃគង់នៅវត្តជំនីក ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលរងគ្រោះដោយអគ្គីភ័យ មូលហេតុឆ្លងចរន្តអគ្គិសនី ធ្វើអោយ កុដិថ្មនិងឈើរបស់ ព្រះសមុហ៍អនុគណនិងជាព្រះចៅអធិការវត្ត ប្រក់ក្បឿង ២ខ្នង ទំហំ ១២ម × ១៥ម និង និង ឧបដ្ឋានសាលា ទំហំ ២៥ម× ២៥ម ត្រូវភ្លើងឆេះអស់ទាំងស្រុង កាលពីម៉ោង ៥ល្ងាច នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត ចំពោះឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយខូចខាតទាំងកុដិ បាត់បង់ទាំងឧបដ្ឋានសាលា ក៏ឆេះអស់គ្មានសល់។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក៏បាននាំយកនូវ បណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាជាពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
ដោយអាកាសធាតុមានការប្រែប្រួល ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក មិនថាប្រជាពលរដ្ឋឬព្រះសង្ឃតាម វត្តអារាមនោះទេ ត្រូវតែប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេសគ្រោះអគ្គីភ័យដែលអាចកើតមានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស។ ហេតុនេះមុននឹងចេញពីផ្ទះ ឬ កុដិ ត្រូវពន្លត់ភ្លើងធូប ទៀន ចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេសការតបណ្តាញអគ្គិសនីត្រូវហៅអ្នកជំនាញ មករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ។ ជាមួយនោះត្រូវយកចិត្តទុកដាក់ ថែទាំសុខភាព អនាម័យស្អាត ៣យ៉ាង និងសុវត្ថិភាពផ្ទាល់ខ្លួន អោយបានជាប្រចាំ តាមទិសស្លោក ” ស្រឡាញ់ខ្លួន ឲ្យស្ងួនចំណី”។
អំណោយមនុស្សធម៌ដែលបានប្រគេនព្រះចៅអធិការវត្តរងគ្រោះរួមមាន៖ អង្ករ ២០០គក្រ ត្រីខ ៨យួរ ,ទឹកត្រី ៨យួរ ទឹកស៊ីអ៊ីវ ៨យួរ ,មី ៨កេស ,តង់ធំ៨ និង ថវិកាសរុបចំនួន ៧.០០០.០០០រៀល ក្នុងនេះ ថវិការដ្ឋបាលខេត្តចំនួន ៥.០០០.០០០រៀល៕

