សម្ដេចតេជោ អញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់ នៅឯមន្ទីរពេទ្យក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនៅព្រឹកនេះ សម្ដេចតេជោលើកឡើងថា “ ថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទី គោរពសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅ មន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនសូមទូលប្រគេន និងជំរាបជូនបងប្អូនជនរួមជាតិថាការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ។
ពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គសូមអរព្រះគុណ និងអរគុណចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយព្រះពរចំពោព្រះអង្គ។
ខ្ញុំសូមយកឱកាសនេះអរគុណប្រធាធិបតីសុី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យនិងសុវត្តិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា។
សម្រាប់ខ្ញុំព្រះករុណា និងកូនប្រុសពីរនាក់ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី បានមកដល់ប៉េកាំងតាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ ដែលមានគោលដៅតែមួយគត់គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះ
ព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រគឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។ ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញនៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦”៕
