៣ថ្ងៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកកម្សាន្តក្នុងខេត្តរតនគិរី មានចំនួន ៤៧,៦៥៥នាក់ កើនឡើង០.៨ %

រតនគិរី៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តរតនគិរី បានឱ្យដឹងថា រយ:ពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកកម្សាន្តក្នុងខេត្តរតនគិរី មានចំនួន ៤៧,៦៥៥នាក់ កើនឡើង០.៨ % ។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំនួនភ្ញៀវទេសចរសរុបខាងលើមានភ្ញៀវអន្តរជាតិ ចំនួន៧៧០នាក់ កើនឡើង១៣.១%។ ដោយឡែកប្រជាពលរដ្ឋក្នុងខេត្ត ដើរលេងកម្សាន្តថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួន ១០៣,៧៦១ នាក់ កើ់នឡើង ៦.៦% ។ សរុបភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ មានចំនួន ១៥២,១៨៦នាក់ មានការកើនឡើង ៤.៧៤ %២។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ក៏បានអោយដឹងនៅល្ងាចថ្ងៃដដែលនេះថា រយ:ពេល៣ថ្ងៃ (១៤-
១៦.មេសា ២០២៦)នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារពុំមានការតំឡើងថ្លៃគួរអោយកត់សំគាល់ឡើយ។
លោកថាសោភ័ណ្ឌភាពទីប្រជុំជននិងទីក្រុង និងអនាម័យតាមតំបន់រមណីយដ្ឋានក្រោមការដឹកនាំ របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម បានយកចិត្តទុកដាក់ខ្ពស់លើវិស័យទេសចរណ៍ ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ជាពិសេសនៅតំបន់ជុំវិញបឹងកន្សែង ដែលមានសម្បទាទេសចរណ៍សំខាន់ៗ រួមមាន៖សួនច្បារ សួនកម្សាន្ត ទូរទស្សន៍LED ខ្សែរ៉ត និងរូបសំណាក់គ្រួសារ សត្វអក និងសត្វដំរី។ ម្យ៉ាងវិញទៀតរដ្ឋបាលខេត្ត បានរៀបចំអោយមានព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី និងការប្រគុំតន្ត្រី ជាពិសេសបានរៀបចំភ្លើងបំភ្លឺទីសាធារណៈ តាមបណ្តាអង្គភាពរបស់រដ្ឋ និងវិស័យឯកជន ដើម្បីលើកស្ទួយ សោភ័ណភាពទីក្រុង ក្នុងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានមកទស្សនាខេត្តរតនគិរី។ ចំពោះសុវត្ថិភាពភ្ញៀវទេសចរ តាមតំបន់រមណីយដ្ឋានមានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើ ដោយមានរៀបចំណតរថយន្ត និងម៉ូតូ មានរបៀបរៀបរយល្អ។
លោក ង៉ែត ពិទូ បញ្ជាក់បន្ថែមថា រយ:ពេល៣ថ្ងៃនេះ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី មានភាពសប្បាយរីករាយ និងសាទរចំពោះរដ្ឋបាលខេត្តរតនគិរី ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី។ ហើយប្រជាពលរដ្ឋភាគច្រើនក្នុងខេត្ត មានការជប់លៀងនៅតាមគេហដ្ឋាន ទីកន្លែងកំសាន្ត និង ច្រៀងខារ៉ាអូខេកំសាន្តជាលក្ខណៈគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។តាមតំបន់រណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត មានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើរ ក្រោយពីបានការណែនាំរបស់ក្រុមកាងារមន្ទីរទេសចរណ៍ខេត្ត៕

