IAEA ៖ កូរ៉េខាងជើងកំពុងបង្ហាញពីភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងសមត្ថភាពផលិត អាវុធនុយក្លេអ៊ែរ

សេអ៊ូល៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បាននិយាយនៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦ថាកូរ៉េខាងជើងកំពុងបង្ហាញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងសមត្ថភាពផលិត អាវុធនុយក្លេអ៊ែរ។
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង កូរ៉េខាងជើងត្រូវបានជឿជាក់ថាកំពុងធ្វើប្រតិបត្តិការរោងចក្រជាច្រើនសម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលជាជំហានដ៏សំខាន់មួយក្នុងការផលិត ក្បាលគ្រាប់នុយក្លេអ៊ែរ។
រោងចក្រនុយក្លេអ៊ែរទាំងនោះរួមមានរោងចក្រ Yongbyon ដែលកូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានផ្អាកដំណើរការបន្ទាប់ពីកិច្ចចរចា ប៉ុន្តែបានបើកដំណើរការឡើងវិញ កាលពីឆ្នាំ២០២១។
កូរ៉េខាងជើងបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូងក្នុងឆ្នាំ២០០៦ ហើយបានប្រកាសថានឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ និងបានកាត់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមអធិការកិច្ចរបស់ទីភ្នាក់ងារ IAEA ក្នុងឆ្នាំ២០០៩៕

