ស.ស.យ.ក. ទូទាំងប្រទេស បាននិងកំពុងរៀបចំកម្មវិធីសង្ក្រាន្តយ៉ាងសកម្មនៅតាមបណ្ដាខេត្ត ស្រុក ភូមិ និងគ្រឹះស្ថាននានា ដោយមានការចូលរួមយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ

ភ្នំពេញ៖ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សមាជិក និងសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទូទាំងប្រទេស បាន និងកំពុងរៀបចំកម្មវិធីសង្ក្រាន្តយ៉ាងសកម្មនៅតាមបណ្ដាខេត្ត ស្រុក ភូមិ និងគ្រឹះស្ថាននានា ដោយមានការចូលរួមយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
សកម្មភាពទាំងនេះមានគោលបំណងចូលរួមថែរក្សា និងលើកតម្កើងប្រពៃណីទំនៀមទម្លាប់ អត្តសញ្ញាណជាតិ ព្រមទាំងជំរុញស្មារតីសាមគ្គីភាព សេចក្ដីស្រឡាញ់ និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពជួរមុខ ដែលបានលះបង់ដើម្បីការពារអធិបតេយ្យភាព និងសុខសន្តិភាពជាតិ។
លើសពីនេះ កម្មវិធីសង្ក្រាន្តក៏បានបង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួមជាតិ ភាពរឹងមាំ និងភាពធន់របស់ប្រជាជាតិកម្ពុជា ដែលតែងតែឈរជាមួយគ្នា ពួតដៃគ្នាឆ្លងកាត់គ្រប់បញ្ហាប្រឈម ក្នុងគ្រប់កាលៈទេសៈ និងគ្រប់បរិបទសង្គម ដោយរក្សាបាននូវអត្តសញ្ញាណ និងគុណតម្លៃជាតិឱ្យនៅរឹងមាំ និងយូរអង្វែង៕

