ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ម្ដាយបង្កើតនាយឧត្តមសេនីយ៍ ស ថេត

ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ចូលរួមគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្ដាយបង្កើតឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានទទួលមរណភាពនៅថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០១៖១២នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ ស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នាឱកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បានយោងយកកំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

