លោក កៀរ ស្តាមឺរ សង្កត់ធ្ងន់ថា អង្គការ NATO ពិតជាផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក

ដូហា៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាយករដ្ឋមន្ត្រីអង់គ្លេស លោក កៀរ ស្តាមឺរ (Keir Starmer) កាលពីថ្ងៃសុក្រ បានសង្កត់ធ្ងន់ថា អង្គការណាតូ (NATO) ពិតជាផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក ខណៈដែលលោកបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅតំបន់ឈូងសមុទ្រ ដើម្បីពិភាក្សាពីការពង្រឹងបទឈប់បាញ់ដ៏ផុយស្រួយនៅមជ្ឈិមបូព៌ា។
ការលើកឡើងរបស់មេដឹកនាំអង់គ្លេសរូបនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគំរាមដកខ្លួនចេញពីសម្ព័ន្ធភាពយោធាលោកខាងលិចមួយនេះ ក្រោយសម្ព័ន្ធមិត្តណាតូបដិសេធមិនចូលរួមក្នុងសង្គ្រាមរបស់អាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។
លោក ស្តាមឺរ បានបញ្ជាក់ថា ណាតូគឺជាសម្ព័ន្ធភាពការពារដែលផ្តល់សុវត្ថិភាពខ្ពស់ ប៉ុន្តែលោកក៏បានទទួលស្គាល់ដែរថា សមាជិកនៅអឺរ៉ុបចាំបាច់ត្រូវចូលរួមចំណែកផ្នែកហិរញ្ញវត្ថុបន្ថែមទៀត។
ជុំវិញបញ្ហានៅតំបន់មជ្ឈិមបូព៌ា លោក ស្តាមឺរ បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយផ្តោតសំខាន់លើការបើកដំណើរការច្រកសមុទ្រហ័រមូសឡើងវិញ ដែលបច្ចុប្បន្នកំពុងរងការរាំងខ្ទប់ និងរងការគំរាមកំហែងដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់៕

