ក្រសួងបរិស្ថាន ពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកទេសនិងវិទ្យាសាស្ត្របរិស្ថានជាមួយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថាន Guang Xi នៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានជួបប្រជុំពិភាក្សាជាមួយគណៈប្រតិភូនៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថាន Guang Xi នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក SUN Yangzhaoប្រធានវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថាន Guang Xi នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពី លោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមន្ត្រីជំនាញពាក់ព័ន្ធ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាលើវិស័យអាទិភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថាន Guang Xi លើកិច្ចគាំពារបរិស្ថាន ការធ្វើទំនើបកម្មមន្ទីរពិសោធន៍ ការសិក្សាស្រាវជ្រាវបច្ចេកទេសនិងវិទ្យាសាស្ត្របរិស្ថាន ការប្រើប្រាស់រូបភាពផ្កាយរណក្នុងការត្រួតពិនិត្យគុណភាពបរិស្ថាន និងការអង្កេតតាមដាន និងអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ដែលស្របជាមួយនឹងគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហការឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត និងចាប់ផ្តើមរៀបចំពង្រាងអនុស្សរណៈយោគយល់គ្នាសម្រាប់កិច្ចសហការបន្តនៅពេលអនាគត ដែលផ្តោតលើ «ភាពស្អាត» និង «ភាពបៃតង»៕

