អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាដោយផ្ទាល់ រវាងអ៉ីស្រាអែលនិងលីបង់ នាសប្តាហ៍ក្រោយ ដើម្បីស្វែងរកបទឈប់បាញ់រវាងភាគីទាំងពីរ

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានតួកគីយ៉េ Anadolu នាថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ មន្រ្តីក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាដោយផ្ទាល់ រវាងអ៉ីស្រាអែលនិងលីបង់ នាសប្តាហ៍ក្រោយ ដើម្បីស្វែងរកបទឈប់បាញ់រវាងភាគីទាំងពីរ។
មន្រ្តីខាងលើបាននិយាយដូច្នេះថា «យើងអាចបញ្ជាក់បានថា ក្រសួងការបរទេសនឹងរៀបចំជំនួបមួយនាសប្តាហ៍ក្រោយ ដើម្បីជជែកអំពី កិច្ចចរចាស្វែងរកបទឈប់បាញ់ ជាមួយអ៉ីស្រាអែលនិងលីបង់»។
បើតាមសេចក្តីរាយការណ៍ព័ត៌មាន ប្រតិភូអាមេរិក នឹងដឹកនាំដោយ ឯកអគ្គរដ្ឋទូតប្រចាំលីបង់ លោក Michel Issa រីឯអ៉ីស្រាអែល នឹងតំណាងដោយឯកអគ្គរដ្ឋទូតប្រចាំទីក្រុងវ៉ាស៉ីនតោន លោក Yechiel Leiter ហើយអ្នកតំណាងរបស់លីបង់ គឺឯកអគ្គរដ្ឋទូត លោកស្រី Nada Hamadeh-Moawad។
យោធាអ៉ីស្រាអែល បានបង្កើនការវាយប្រហារយ៉ាងខ្លាំងក្លានៅទូទាំងប្រទេសលីបង់ ចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះមក ដោយសម្លាប់មនុស្ស យ៉ាងហោចជាង៣០០នាក់ ហើយប្រហែល១១៥០នាក់ផ្សេងទៀតបានរងរបួស បើទោះបីជាអាមេរិកនិងអ៉ីរ៉ង់ បានប្រកាសបទឈប់បាញ់រយៈពេល២សប្តាហ៍។ ស្របពេលប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួល បានអះអាងថា បទឈប់បាញ់នោះ គឺរាប់បញ្ចូលទាំងលីបង់ ទីក្រុងវ៉ាស៉ីនតោននិងអ៉ីស្រាអែល បានបដិសេធថាមិនដូច្នោះទេ។
គួរបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាលលីបង់ សង្រ្គាមរបស់អ៉ីស្រាអែលនៅប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី២ ខែមីនា បានផ្តាច់ជីវិតមនុស្សសរុប១៨៨៨នាក់ និងបង្កឱ្យរបួស ៦០៩២នាក់៕

