ឯកឧត្តម ហេង សុផាន់ណារិទ្ធ ជំរុញសិក្ខាកាម ដែលទទួលបានចំណេះដឹង ក្នុងវគ្គបណ្តុះបណ្តាល Advanced Excel ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការវិភាគទិន្នន័យក្នុងប្រព័ន្ធសន្តិសុខសង្គម

ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាម ដែលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់មុខងារកម្រិតខ្ពស់នៃកម្មវិធី Advanced Excel សម្រាប់ការលើកកម្ពស់បរិយាបន្ន និងតម្លាភាពក្នុងប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាលដែលគាំទ្រដោយ OHCHR នេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានសម្តែងនូវការជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងអាចប្រើប្រាស់ទិន្នន័យបានស្ទាត់ជំនាញជួយឱ្យការសម្រេចចិត្តដោយផ្អែកលើភស្តុតាងជាក់ស្ដែងប្រើប្រាស់ដើម្បីវិភាគទិន្នន័យសម្រាប់វាស់វែងប្រសិទ្ធភាពឆាប់រហ័ស ធានានូវតម្លាភាពក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស. គ្រប់រូប។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានសង្កត់ធ្ងន់ថា ជំនាញ Advanced Excel នេះ គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការស្វែងរកគម្លាតនៃបរិយាបន្ន និងការធានានូវតម្លាភាព នៃការផ្ដល់អត្ថប្រយោជន៍សន្តិសុខសង្គមជូនដល់សមាជិកគ្រប់រូប។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យមន្ត្រី និងបុគ្គលិកទាំងអស់ យកចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលនេះ ទៅអនុវត្តការងារជាក់ស្ដែង ដើម្បីបង្កើនល្បឿន និងសុក្រិតភាព នៃការផ្ដល់សេវាសាធារណៈ ស្របតាមចក្ខុវិស័យ នៃការធ្វើទំនើបកម្មរដ្ឋបាលឌីជីថលរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូឧទ្ទេស និងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការយ៉ាងសកម្ម ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ព្រមទាំងគម្រោងបន្ទាប់ដែលនឹងមាន វគ្គបណ្ដុះបណ្ដាលប្រើប្រាស់កម្មវិធី Power BI ដើម្បីបំប្លែងរបាយការណ៍ឱ្យទៅជាប្រព័ន្ធឆ្លាតវៃ ដែលមានភាពរស់រវើក និងងាយស្រួលគ្រប់គ្រងតាមបែប Dashboard ទំនើប សម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័ន ប.ស.ស. ទាំងមូល៕

