ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធិ៖ ករណីលោក ចេន ហ្សី, ទ្រព្យសម្បត្តិដែលមានមធ្យោបាយនៃបទល្មើស ជាផលនៃបទល្មើស និងជាផលសម្អាតប្រាក់នឹងត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលរៀបចំឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ករណីលោក ចេន ហ្សី, ទ្រព្យសម្បត្តិដែលមានមធ្យោបាយនៃបទល្មើស ជាផលនៃបទល្មើស និងជាផលនៃការសម្អាតប្រាក់នឹងត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា ចំពោះករណីនេះសមត្ថកិច្ចជំនាញកំពុងតែដំណើរការរឹបអូសទ្រព្យសម្បត្តិដែលទទួលបានពីបទល្មើស ខណៈសំណុំរឿងនៃបទល្មើសមានច្រើន។ ហើយនេះជាយុទ្ធនាការមួយដែលបានប្តេជ្ញាចិត្តទាំងអស់គ្នា ដើម្បីបំពេញកិច្ចការងារនេះប្រកបដោយការទទួលខុសត្រូវ សម្រាប់ប្រទេសជាតិកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្ថែមថា រាជរដ្ឋាភិបាលដៃម្ខាងបង្ក្រាប បោសសម្អាត ដៃម្ខាងទៀតធ្វើច្បាប់ ដើម្បីលើកកម្ពស់ និងធានាថាវាប្រសិទ្ធភាពជាងមុន។ ត្រង់ចំណុចនេះជាការប្តេជ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាល មិនដកថយជាដាច់ខាត ចំពោះការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា៕
