អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីហិង្សា

បន្ទាយមានជ័យ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ មូលដ្ឋានកងរាជក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ ប៉ា សំណាង ភេទប្រុស អាយុ៤០ឆ្នាំ ស្ដីពីករណីហិង្សា នៅចំណុចក្រោយរោងចក្រអូរនាង ស្ថិតក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យឈ្មោះ យ៉ាន់ សុឡា ភេទប្រុស អាយុ៣៣ឆ្នាំ ដែលបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះត្រូវចំខ្នងដៃខាងស្ដាំ(របួសធ្ងន់) ដេរចំនួន០៧ថ្នេរ។
ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ យ៉ាន់ សុឡា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ គិត ស្រេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រួមទាំងដកហូតវត្ថុតាង កាំបិតចុងស្រួច ប្រវែង៣៨សង់ទីម៉ែត្រ ចំនួន០១ដើម និងពូថៅដងដែក ប្រវែង៤២សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រេីហិង្សាទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារមានម្លោះក្នុងវង់ផឹកស៊ី។
ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលព្រហស្បតិ៍ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
