វិមានក្រឹមឡាំង៖ រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចំណែកដោះស្រាយជម្លោះនៅអ៊ីរ៉ង់

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូហ្វ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ទី២ ខែមេសាថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចំណែកដោះស្រាយជម្លោះនៅអ៊ីរ៉ង់ ខណៈបុរសខ្លាឃ្មុំទឹកកក វ៉្លាឌីមៀ ពូទីន កំពុងបន្តកិច្ចពិភាក្សាជាមួយមេដឹកនាំក្នុងតំបន់។
អ្នកនាំពាក្យវិមានក្រឹមឡាំងថា ៖«លោកប្រធានាធិបតី [វ្ល៉ាឌីមៀ ពូទីន] កំពុងបន្តទំនាក់ទំនងទាំងនេះ ហើយប្រសិនបើសេវាកម្មរបស់យើងត្រូវការមធ្យោបាយណាមួយនោះ ជាការពិតណាស់ យើងត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកដើម្បីធានាថា ស្ថានភាពយោធានឹងឈានទៅរកផ្លូវសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
លោក ប៉េស្កូហ្វ បានធ្វើសេចក្តីអត្ថាធិប្បាយនេះ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីសុន្ទរកថារបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថ្លែងទៅកាន់ប្រទេសជាតិទាក់ទងនឹងសង្គ្រាមអ៊ីរ៉ង់។ លោក ប៉េស្កូហ្វក៏បានឆ្លើយតបទៅនឹងមតិដាច់ដោយឡែករបស់លោក ត្រាំ ដែលកំពុងពិចារណាដកសហរដ្ឋអាម៉េរិកចេញពីអង្គការណាតូ ឬអ៊ូតង់ផងដែរ។
លោក ប៉េស្កូវ បានបញ្ជាក់ថា រុស្ស៊ីចាត់ទុកណាតូ ជាសម្ព័ន្ធភាពអរិភាព។ គួរបញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ីកំពុងព្យាយាមបង្ហាញខ្លួនជាអ្នកសម្របសម្រួលក្នុងតំបន់ តាមរយៈទំនាក់ទំនងផ្ទាល់រវាងលោក ពូទីន និងមេដឹកនាំផ្សេងៗទៀត៕

