ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពីធីបិទសិក្ខាសាលាបូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្ដការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦នេះ អញ្ជើញចូលរួមពីធីបិទ សិក្ខាសាលាបូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្ដការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំអគារ S ទីស្ដីការក្រសួងមហាផ្ទៃ។
សិក្ខាសាលានេះមានសមាសភាពអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ប្រធានក្រុមប្រឹក្សានិងអភិបាល អភិបាលរងរាជធានី ខេត្ត ប្រធានក្រុមប្រឹក្សានិងអភិបាល អភិបាលរងក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធនានា ដោយមានទាំងសមាសភាពដែលបានចូលរួមដោយផ្ទាល់នៅទីស្ដីការក្រសួងមហាផ្ទៃ និងការចូលរួមតាមរយៈប្រព័ន្ធវីដេអូបញ្ជូនរូបភាពពីចម្ងាយ សរុបចំនួន៤៤៧នាក់។
សូមបញ្ជាក់ជូនថា សិក្ខាសាលានេះ ក៏មានការចូលរួមធ្វើបទបង្ហាញ និងបទអន្តរាគមន៍ចំនួន៥ រួមមាន៖ ១.ការបង្ហាញអំពីលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ២.បទអន្តរាគមន៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការគ្រប់គ្រងចំណូលទទួលបានពីការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ៣.បទអន្តរាគមន៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីការគាំទ្រដល់ដំណើការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមយន្តការច្រកចេញចូលតែមួយ ៤.បទអន្តរាគមន៍របស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) ស្ដីពីការគាំទ្រដល់ការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ៥.បទអន្តរាគមន៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ស្ដីពីការគាំទ្រដល់ការធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ៕

