លោក Rubio ៖ សហរដ្ឋអាមេរិករំពឹងថា ប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់ នឹងបញ្ចប់ក្នុងពេលប៉ុន្មានសប្តាហ៍ទៀត ពោលគឺនឹងមិនអូសបន្លាយដល់រាប់ខែឡើយ

ប៉ារីស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ទី២៧ ខែមីនា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិករំពឹងថា ប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់ នឹងបញ្ចប់ក្នុងពេលប៉ុន្មានសប្តាហ៍ទៀត ពោលគឺនឹងមិនអូសបន្លាយដល់រាប់ខែឡើយ ហើយទីក្រុងវ៉ាស៉ីនតោន អាចសម្រេចគោលដៅទាំងអស់របស់ខ្លួន ដោយមិនចាំបាច់ត្រូវប្រើកងកម្លាំងជើងគោក។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G7 នៅប្រទេសបារាំង លោក Rubio បាននិយាយថា ប្រតិបត្តិការកំពុងប្រព្រឹត្តទៅ ស្របតាមកាលវិភាគកំណត់ ហើយរំពឹងថា នឹងបិទបញ្ចប់ក្នុងពេលសមស្របមួយ គឺរយៈពេលប៉ុន្មានសប្តាហ៍ទៀត មិនមែនប៉ុន្មានខែនោះទេ។
ស្របពេលដែលលោកអះអាងថា អាមេរិកអាចសម្រេចគោលដៅដោយមិនចាំបាច់ប្រើកងទ័ពជើងគោក លោក Rubio បានទទួលស្គាល់ថា ការដាក់ពង្រាយទាហានបន្ថែមទៅកាន់មជ្ឈិមបូព៌ា គឺដើម្បីផ្តល់ជម្រើសនិងឱកាសជាអតិបរមាដល់ប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រាប់សម្របទៅតាមការប្រែប្រួលនៃស្ថានការណ៍ជាក់ស្តែង ក្នុងករណីពួកវាលេចឡើង។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន បានបញ្ជូនទាហានម៉ារីន២ក្រុមធំៗបន្ថែម សរុបចំនួនរាប់ពាន់នាក់ ទៅមជ្ឈិមបូព៌ា ដោយមួយក្រុមដំបូងត្រូវបានរំពឹងថា នឹងទៅដល់ក្នុងពេលប៉ុន្មានថ្ងៃទៀត នៅលើនាវាចម្បាំងប្រភេទ amphibious assault ធំ១គ្រឿង៕

