អគ្គនាយករងរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីបើកសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធស្តីពីគណនេយ្យភាពចំពោះប្រជាជនរងគ្រោះ

សៀមរាប៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ លោក ឈូក បណ្ឌិត អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី បើកសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធស្តីពីគណនេយ្យភាពចំពោះប្រជាជនរងគ្រោះ នៅសាលប្រជុំសាលាខេត្តសៀមរាប។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ទទួលបន្ទុកការគ្រប់គ្រងជម្រកសុវត្ថិភាពបណ្តោះអាសន្ននៃខេត្តទាំង០៥ អង្គការយូនីសេហ្វប្រចាំកម្ពុជា និងអង្គការហែលទឹកកម្ពុជា ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។
សូមជម្រាបជូនថា សិក្ខាសាលានេះប្រព្រឹត្តទៅមានរយៈពេលចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការគាំទ្រពីអង្គការយូនីសេហ្វប្រចាំកម្ពុជា ក្នុងគោលបំណងលើកកម្ពស់គណនេយ្យភាព និងស្តង់ដាសំខាន់ៗក្នុងការឆ្លើយតបប្រកបដោយមនុស្សធម៌ ក្នុងការគ្រប់គ្រងជម្រកសុវត្ថិភាពបណ្តោះអាសន្ននៃខេត្តទាំង៥ រួមមាន៖ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់៕

