អភិបាលខេត្តកំពត ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំ «វិថីអាហារ» ដើម្បីធានាឱ្យទាន់ពេលវេលា នៃការបើកដំណើរការទទួលស្វាគមន៍ភ្ញៀវទេសចរ

កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងកំពត ចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការរៀបចំ «វិថីអាហារ» ដើម្បីធានាឱ្យទាន់ពេលវេលានៃការបើកដំណើរការ ទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលឆាប់ៗខាងមុខ។
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តម អភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទឹក-អគ្គិសនី និងការរៀបចំស្តង់លក់ដូរឱ្យមានសណ្តាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានសោភ័ណភាពទាក់ទាញ និងមានផាសុខភាពសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សូមជម្រាបជូនថា វិថីអាហារនេះ មិនត្រឹមតែជាកន្លែងសម្រាប់លក់ដូរអាហារចម្រុះមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងសោភ័ណភាពទីក្រុងកំពតឱ្យកាន់តែស្រស់បំព្រង៕

