មេដឹកនាំបក្សប្រឆាំងធំជាងគេនៅកោះតៃវ៉ាន់ លើកឡើងថា ការធ្វើឱ្យទំនាក់ទំនងប្រសើរឡើងជាមួយទីក្រុងប៉េកាំង មិនទាមទារឱ្យតៃវ៉ាន់ត្រូវងាកទៅប្រឆាំងអាមេរិកនោះឡើយ

តៃប៉ិ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters មេដឹកនាំបក្សប្រឆាំងធំជាងគេនៅកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ ទី២៣ ខែមីនា បានលើកឡើងថា ការធ្វើឱ្យទំនាក់ទំនងប្រសើរឡើងជាមួយទីក្រុងប៉េកាំង មិនទាមទារឱ្យតៃវ៉ាន់ត្រូវងាកទៅប្រឆាំងសហរដ្ឋអាមេរិកនោះឡើយ ហើយភាពរស់រានមានជីវិតរបស់ដែនកោះនេះ គឺអាស្រ័យទៅលើទំនាក់ទំនងមានស្ថិរភាពជាមួយចិន។
អតីតសមាជិកសភាតៃវ៉ាន់ លោកស្រី Cheng Li-wun បានជាប់ឆ្នោតជាប្រធានគណបក្ស Kuomintang (KMT) កាលពីខែតុលា ឆ្នាំ២០២៥ ហើយបានបង្ហាញសញ្ញាថា លោកស្រីមានបំណងចង់ឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប៉េកាំង ជាងមេដឹកនាំមុនរបស់បក្ស គឺលោក Eric Chu ទៅទៀត។
ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ប្រកាន់ជំហរបដិសេធបើកកិច្ចពិភាក្សាជាមួយ រដ្ឋាភិបាលលោក Lai Ching-te នៃគណបក្ស DPP ដោយហៅលោកជាបុគ្គលប៉ុនប៉ង់បំបែករដ្ឋដ៏គ្រោះថ្នាក់។ ផ្ទុយទៅវិញ ចិនជាប្រចាំបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់បក្ស KMT ប៉ុន្តែលោកស្រី Cheng មិនទាន់បានធ្វើទស្សនកិច្ចនៅឡើយទេ ចាប់តាំងពីជាប់ឆ្នោតជាប្រធានបក្សថ្មី។
គណបក្សរបស់លោក Lai បានចោទបក្ស KMT ថាមានបំណងលក់សិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ឱ្យទីក្រុងប៉េកាំង ហើយកំពុងទទួលការបង្គាប់បញ្ជាពីចិន ដើម្បីរារាំងផែនការចំណាយលើវិស័យការពារជាតិ និងរុញទីក្រុងតៃប៉ិឱ្យឃ្លាត ចេញឆ្ងាយពីទីក្រុងវ៉ាស៉ីនតោន។
កាលពីថ្ងៃចន្ទ លោកស្រី Cheng បាននិយាយថា គណបក្សរបស់លោកស្រី បានទទួលរងការយល់ច្រឡំនិងរើសអើងអំពីគោលជំហររបស់ខ្លួន ហើយលោកស្រីបានគូសបញ្ជាក់អំពី ការគាំទ្រចំពោះការទិញសព្វាវុធពីសហរដ្ឋអាមេរិក ប៉ុន្តែសំណើបែបនោះ ចាំបាច់ត្រូវមានការពិនិត្យចាត់ចែងឱ្យត្រឹមត្រូវ។
លោកស្រីបានបន្ថែមថា ជាយូរមកហើយ គណបក្ស KMT បានរក្សាទំនាក់ទំនងយ៉ាងប្រសើរជាមួយសហរដ្ឋអាមេរិក ហើយវាមិនប៉ះពាល់បំណងប្រាថ្នា ក្នុងការធ្វើឱ្យប្រសើរ ជាងមុននូវទំនាក់ទំនងជាមួយចិនឡើយ។
លោកស្រី Cheng បានបន្តថា ចំណុចទាំងពីរនេះ គឺគ្មានភាពផ្ទុយពីគ្នាទេ ហើយមិនចាំបាច់អ្វីត្រូវជ្រើសរើសយកមួយ ចោលមួយឡើយ។ លោកស្រីបានលើកជាសំណួរថា ហេតុអ្វីការធ្វើឱ្យទំនាក់ទំនងប្រសើរឡើងជាមួយចិន ចាំបាច់ត្រូវតែមានន័យថា មិនគាំទ្រអាមេរិក។
ជាចុងក្រោយលោកស្រី បានសង្កត់ធ្ងន់ថា វាគឺជារឿងដ៏សំខាន់ ក្នុងការមានទំនាក់ទំនងល្អជាមួយចិន ជាពិសេស ដោយសារទំនាក់ទំនងរវាងភាគីទាំងពីរ គឺជះផលប៉ះពាល់ដោយផ្ទាល់លើភាពរស់រានមានជីវិតរបស់តៃវ៉ាន់៕

