EU អំពាវនាវឱ្យអាមេរិក និងអ៉ីស្រាអែល បញ្ឈប់សង្គ្រាមជាមួយអ៉ីរ៉ង់

ប្រ៊ុចសែល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារនេះ លោកស្រី Kaja Kallas ប្រមុខគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប (EU) បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បញ្ឈប់សង្គ្រាមជាមួយអ៉ីរ៉ង់ ដោយលោកស្រីបញ្ជាក់ថា EU កំពុងធ្វើការពិគ្រោះយោបល់យ៉ាងសកម្មជាមួយបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីស្វែងរកមធ្យោបាយបញ្ចប់ជម្លោះនេះ។
ក្នុងបទសម្ភាសន៍នៅទីក្រុងប្រ៊ុចសែល លោកស្រី Kallas បានសង្កត់ធ្ងន់ថា «វាជាផលប្រយោជន៍របស់គ្រប់គ្នា ប្រសិនបើសង្គ្រាមនេះត្រូវបញ្ឈប់» ដោយព្រមានថា ការចាប់ផ្តើមសង្គ្រាមគឺជារឿងងាយ ប៉ុន្តែការបញ្ចប់វាគឺជារឿងពិបាក ហើយជារឿយៗវាច្រើនតែហួសពីការគ្រប់គ្រង។
លោកស្រីបញ្ជាក់ថា EU មានឆន្ទៈប្រើប្រាស់ផ្លូវការទូតដើម្បីនាំយកភាគីពាក់ព័ន្ធមកចរចាគ្នា «ដើម្បីឱ្យគ្រប់គ្នាសុទ្ធតែរក្សាបានមុខមាត់» ក្នុងកិច្ចបញ្ចប់ជម្លោះនេះ។
គួរបញ្ជាក់ថា ប្រទេសអឺរ៉ុបជាច្រើន បានបដិសេធមិនចូលរួមក្នុងបេសកកម្មបើកច្រកសមុទ្រ ហ័រមូស (Hormuz) តាមការទាមទាររបស់លោក ដូណាល់ ត្រាំ នោះទេ។ មេដឹកនាំអឺរ៉ុបបានសម្តែងការមិនពេញចិត្ត ដែលពួកគេមិនត្រូវបានអាមេរិក និងអ៉ីស្រាអែល ពិគ្រោះយោបល់ជាមុន មុនពេលចាប់ផ្តើមសង្គ្រាមនេះ៕
