សមាជិកគណៈកម្មការទី៧ រដ្ឋសភា ជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២នៃវិទ្យាល័យកំពង់កែស ខេត្តកំពត


ភ្នំពេញ៖ ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការទី៧នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកំពង់កែស នៅឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងឱកាសសំណេះសំណាលនាពេលនេះ ឯកឧត្តម បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់បង្ហាត់បង្រៀន ផ្ទេរចំណេះដឹង ដល់សិស្សានុសិស្សប្រកបដោយគុណភាព ប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ស្តាប់ការអប់រំណែនាំរបស់ លោកគ្រូ អ្នកគ្រូដើម្បីប្រែក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ចូលរួមក្នុងការងារសង្គម និងត្រូវជៀសឆ្ងាយពីអំពើអបាយមុខទាំងឡាយ ដែលសង្គមស្អប់ខ្ពើម។
បន្ទាប់មកឯកឧត្តមក៏បានផ្តល់កិត្តិយស ប្រគល់ជូននូវលិខិតសរសើរដល់សិស្សានុសិស្សឆ្នើមនាឱកាសនោះផងដែរ ៕

