អគ្គលេខាធិការរដ្ឋសភាកម្ពុជា-ហុងគ្រី ប្តេជ្ញាពន្លឿនការអនុវត្ត MOU ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងធ្វើទំនើបកម្មរដ្ឋបាលសភា

ភ្នំពេញ៖ អគ្គលេខាធិការរដ្ឋសភាកម្ពុជា និងហុងគ្រី បានឯកភាពបោះជំហានទៅមុខមួយកម្រិតទៀត ក្នុងការប្រែក្លាយអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីពង្រឹងយន្តការរដ្ឋបាលសភា ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកច្បាប់ និងការបណ្តុះបណ្តាលធនធានមនុស្ស។
ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និង ឯកឧត្តម György Such អគ្គលេខាធិការរដ្ឋសភាប្រទេសហុងគ្រី នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា។
តាមរយៈកិច្ចពិភាក្សានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើវិស័យអាទិភាពចំនួន ៤ ដែលត្រូវអនុវត្តក្រោមក្របខ័ណ្ឌ MOU៖
១. ការកសាងសមត្ថភាពមន្ត្រី៖ ការរៀបចំកម្មវិធីបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍រវាងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ។
២. ទំនើបកម្មរដ្ឋបាល និងបច្ចេកទេស៖ ការសិក្សាស្វែងយល់ពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ រចនាសម្ព័ន្ធរដ្ឋបាល និងប្រព័ន្ធបច្ចេកទេសដែលចាំបាច់សម្រាប់ដំណើរការសភាក្នុងយុគសម័យឌីជីថល។
៣. ការផ្លាស់ប្តូរព័ត៌មានច្បាប់៖ បង្កើនកិច្ចសហការក្នុងការផ្លាស់ប្តូរព័ត៌មានផ្នែកនីតិកម្ម និងការងារការិយាល័យសភា។
៤. ការគាំទ្រលើឆាកអន្តរជាតិ៖ បន្តកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌសភាតំបន់ និងអន្តរជាតិ។
គួររំលឹកផងដែរថា ជំនួបពិភាក្សាការងារកម្រិតបច្ចេកទេសរវាងអគ្គលេខាធិការទាំងពីរនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តម György Such បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា កាលពីព្រឹកថ្ងៃដដែល។ នេះសបញ្ជាក់ឱ្យឃើញថា ទំនាក់ទំនងកម្ពុជា-ហុងគ្រី មិនត្រឹមតែរឹងមាំក្នុងកម្រិតនយោបាយប៉ុណ្ណោះទេ ប៉ុន្តែបានឈានដល់ការអនុវត្តការងារបច្ចេកទេសយ៉ាងសកម្ម។
ក្រៅពីវិស័យសភា វត្តមានរបស់គណៈប្រតិភូហុងគ្រីនាពេលនេះ ក៏ជាសញ្ញាវិជ្ជមានក្នុងការបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងៗទៀត ដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម អប់រំ និងទេសចរណ៍ ដែលនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ៕

