រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសប្រទេសអ្នកមាន G7 ពិភាក្សាអំពីលទ្ធភាពនៃការបញ្ចេញប្រេងបម្រុងក្នុងករណីអាសន្ន ដើម្បីឆ្លើយតបទៅនឹងការហក់ឡើងយ៉ាងគំហុកនៃតម្លៃប្រេង ដែលបណ្ដាលមកពីជម្លោះនៅមជ្ឈិមបូព៌ា

ប៉ារីស៖ បើយោងតាមប្រភពពីរដ្ឋាភិបាលបារាំង រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសប្រទេសអ្នកមាន G7 នឹងពិភាក្សានៅថ្ងៃចន្ទទី៩ ខែមីនា អំពីលទ្ធភាពនៃការបញ្ចេញប្រេងបម្រុងក្នុងករណីអាសន្ន ដើម្បីឆ្លើយតបទៅនឹងការហក់ឡើងយ៉ាងគំហុកនៃតម្លៃប្រេង ដែលបណ្ដាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។
កិច្ចពិភាក្សាបន្ទាន់នេះ ត្រូវបានរាយការណ៍ដំបូងដោយកាសែត Financial Times ដែលបានបញ្ជាក់ថា ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) ក៏នឹងចូលរួមក្នុងកិច្ចពិភាក្សានេះដែរ។ ប្រទេសចំនួន៣ ក្នុងចំណោមសមាជិក G7 រួមទាំងសហរដ្ឋអាម៉េរិកផងដែរនោះ បានបង្ហាញការគាំទ្រចំពោះគំនិតនៃការបញ្ចេញប្រេងបម្រុងនេះ ខណៈតម្លៃប្រេងបានហក់ឡើងលើសពី២៥ភាគរយនៅថ្ងៃចន្ទ រហូតដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២។
ការឡើងថ្លៃនេះ កើតឡើងបន្ទាប់ពីប្រទេសផលិតប្រេងធំៗ បានកាត់បន្ថយការផ្គត់ផ្គង់ រួមទាំងការព្រួយបារម្ភអំពីការរំខានដល់ការដឹកជញ្ជូនតាមផ្លូវទឹកនៃច្រកសមុទ្ទហ័រមូស្ស ក្នុងបរិបទនៃសង្គ្រាមរួមគ្នារវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងរបបគ្រប់គ្រងរបស់អ៊ីរ៉ង់៕

