សម្តេចធិបតី៖ អាស៊ានបានអភិវឌ្ឍខ្លួនក្លាយទៅជាមជ្ឈមណ្ឌល សម្រាប់សឺមីកុងឌុចទ័រ វិស្វកម្មយានយន្ត និងសេវាកម្មឌីជីថល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា អាស៊ានបានអភិវឌ្ឍខ្លួនក្លាយទៅជាមជ្ឈមណ្ឌល សម្រាប់សឺមីកុងឌុចទ័រ (Semiconductors), វិស្វកម្មយានយន្ត (Automotive Engineering) និងសេវាកម្មឌីជីថល។
សម្ដេចបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន កម្ពុជាឆ្នាំ២០២៦ ប្រធានបទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
ពិធីបើកកិច្ចប្រជុំកំពូលនេះមានការអញ្ជើញចូលរួមពីសំណាក់បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, លោក ចូអ៊ី ខនសិបសិន ប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ហើយវេទិកានេះនឹងផ្តល់នូវឱកាសសម្រាប់ការផ្គូរផ្គងអាជីវកម្មយ៉ាងទូលំទូលាយ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការក្នុងតំបន់។
សម្ដេចធិបតីបន្ថែមថា សម្រាប់ក្រុមហ៊ុនលំដាប់សកល ដែលមានបំណងស្វែងរកការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន,តំបន់អាស៊ាន មិនមែនគ្រាន់តែជាគោលដៅបន្ថែម (Alternative) ទៀតនោះទេ, ប៉ុន្តែជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រ ដែលជាស្នូលសម្រាប់កំណើនរយៈពេលវែង ប្រកបដោយចីរភាព។
នៅក្នុងក្របខ័ណ្ឌតំបន់នេះ ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចជាដៃគូយុទ្ធសាស្ត្រ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន៕

