គណៈកម្មការរៀបចំការប្រឡងប្រជែង ប្រជុំរៀបចំយុទ្ធសាស្រ្តថ្មីៗក្នុងការជ្រើសរើសមន្រ្តីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈសម្រាប់ឆ្នាំ ២០២៦-២០៣០

ភ្នំពេញ៖ ក្នុងការអនុវត្តវិធានការគន្លឹះទី១ នៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈ បានអនុវត្ត ពោលគឺបានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តី ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ននានា សរុបបានចំនួន ៥៣លើក រួចមកហើយ ដោយទទួលបានការសាទរពីបេក្ខជន និងសាធារណជនគួរជាទីមោទនៈ។
ជាការគិតគូរបន្ត សម្រាប់ផែនការជ្រើសរើសមន្រ្តីក្នុងក្របខ័ណ្ឌឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ក្រុមការងារគណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ បានជួបប្រជុំគ្នាដើម្បីព្យាករណ៍ និងពិភាក្សារៀបចំយុទ្ធសាស្រ្តនានាក្នុងការជ្រើសរើសមន្រ្តីដែលមានសមត្ថភាព វិជ្ជាជីវៈ និងទេពកោសល្យ ចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
ទន្ទឹមនេះ កិច្ចប្រជុំក៏បានពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ដើម្បីកំណត់គោលដៅនៃការជ្រើសរើសមន្រ្តីត្រូវអនុវត្តទៅតាមតម្រូវការវិស័យអាទិភាព អង្គភាពដែលផ្តល់សេវាជួរមុខ មុខតំណែងវិជ្ជាជីវៈដែលមានតម្រូវការខ្ពស់ ក៏ដូចជាជម្រើសក្នុងការជ្រើសរើសឱ្យចូលបម្រើការងារជាមន្រ្តីក្របខ័ណ្ឌ ឬមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងស្របតាមចក្ខុវិស័យ សម្តេចធិបតី «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក ស្រី ជាសមាជិក សមាជិកាគណៈកម្មការ មានចំនួនសរុប ៣៥នាក់៕

