អេស្ប៉ាញរាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោកអំពីករណីឆ្លងវីរុសផ្តាសាយជ្រូកបំប្លែងថ្មី A(H1N1)v ពីមនុស្សទៅមនុស្ស

ម៉ាឌ្រីដ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ អ្នកនាំពាក្យអាជ្ញាធរសុខាភិបាលតំបន់កាតាឡូនៀ (Catalonia) របស់អេស្ប៉ាញ បានបញ្ជាក់ថា អេស្ប៉ាញបានរាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោក (WHO) អំពីករណីដែលគេសង្ស័យថាជាការឆ្លងវីរុសផ្តាសាយជ្រូកបំប្លែងថ្មី A(H1N1)v ពីមនុស្សទៅមនុស្ស។
យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ នាយកដ្ឋានសុខាភិបាលកាតាឡូនៀ បានអះអាងថា ហានិភ័យនៃការរីករាលដាលទៅកាន់ប្រជាជនទូទៅ ត្រូវបានវាយតម្លៃក្នុងកម្រិត «ទាបបំផុត»។
អ្នកជំងឺដែលបានឆ្លងវីរុសនេះ ពុំមានរោគសញ្ញាផ្លូវដង្ហើមដូចជំងឺផ្តាសាយឡើយ ហើយបច្ចុប្បន្នបានជាសះស្បើយវិញហើយ ខណៈការធ្វើតេស្តលើអ្នកដែលធ្លាប់ប៉ះពាល់ផ្ទាល់ ក៏មិនមាននរណាម្នាក់ឆ្លងបន្តនោះដែរ។
គួរបញ្ជាក់ថា យោងតាមសារព័ត៌មាន El Pais អ្នកជំងឺរូបនេះពុំធ្លាប់មានប្រវត្តិប៉ះពាល់ជ្រូក ឬទៅកសិដ្ឋានចិញ្ចឹមជ្រូកឡើយ ដែលជាហេតុធ្វើឱ្យអ្នកជំនាញសន្និដ្ឋានថា វាជាការឆ្លងពីមនុស្សទៅមនុស្ស។ កាលពីឆ្នាំ២០០៩ ជំងឺផ្តាសាយជ្រូករាតត្បាត (Swine Flu) ធ្លាប់បានឆ្លងរាលដាលដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ដោយសារវីរុសនេះមានផ្ទុកហ្សែនចម្រុះពីជ្រូក សត្វស្លាប និងមនុស្ស៕

