គណៈកម្មការជំរឿនមន្ត្រី ពិនិត្យពិភាក្សាលើលទ្ធផលស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួងមុខងារសាធារណៈ មុនគោរពជូនសម្តេចធិបតី

ភ្នំពេញ៖ ដើម្បីដកស្រង់បទពិសោធបន្ថែម និងជាមូលដ្ឋានរួម សម្រាប់ទៅអនុវត្តជាមួយក្រសួង ស្ថាប័ននានា ក្នុងដំណើរការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គណៈកម្មការជំរឿន បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍លទ្ធផល ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួងមុខងារសាធារណៈ ដែលបានបញ្ចប់ក្នុងពេលថ្មីៗនេះ។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យរបាយការណ៍ចុងក្រោយនៃលទ្ធផលធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅក្រសួងមុខងារសាធារណៈ មុនគោរពជូនសម្តេចធិបតី ក្រោមការដឹកនាំពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃគណៈកម្មការជំរឿនក្រសួងមុខងារសាធារណៈ ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។
តាមរយៈរបាយការណ៍លទ្ធផលស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួងមុខងារសាធារណៈ ដោយលោកជំទាវ ឈី វិជ្ជរ៉ា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជំរឿន រួចមក អង្គប្រជុំបានពិនិត្យ ពិភាក្សាគ្នា ព្រមទាំងបានលើកឡើងនូវគំនិតយោបល់ដែលបង្ហាញពីបទពិសោធ និងរៀបរាប់លម្អតិអំពីបញ្ហានានា ដែលបានជួបប្រទះ ក្នុងពេលអនុវត្តដំណើរការនៃការធ្វើជំរឿននាពេលកន្លងមក ដោយធ្វើការគិតគូរជាមួយគ្នាទៅលើវិធីសាស្ត្រអនុវត្តការងារ និងទម្រង់របាយការណ៍រួម ដែលជាមូលដ្ឋាន ហើយមានការឯកភាពគ្នា ក្នុងការប្រើប្រាស់ជារួម សម្រាប់ក្រសួង ស្ថាប័ន ផ្សេងៗទៀត។
ក្រោយពីទទួលបានមតិយោបល់យ៉ាងផុសផុល ដែលជាធាតុចូលដ៏មានសារៈសំខាន់ អង្គប្រជុំបានកំណត់វិធានការបន្ត សម្រាប់ការរកឃើញកំហុសនានា ដែលជាកំហុសអក្ខរាវិរុទ្ធ និងកំហុសបច្ចេកទេស ឬព័ត៌មាន និងករណីមន្ត្រីដែលអវត្តមានមិនបានធ្វើជំរឿន ទាំងករណីមានមូលហេតុ និងគ្មានមូលហេតុ ក្នុងអំឡុងពេលធ្វើជំរឿនមន្ត្រីជាក់ស្តែងនាពេលកន្លងមក។
កិច្ចប្រជុំក៏បានលើកឡើងពីគិតគូរលើទិសដៅបន្តចេញពីការវិភាគទិន្នន័យ ដែលទទួលបានពីការធ្វើជំរឿន ដូចជា៖ ការគិតគូរបន្ថែមលើមុខតំណែងវិជ្ជាជីវៈ, ការធ្វើផែនការមន្ត្រី និងការអភិវឌ្ឍសមត្ថភាពមន្ត្រី, ការកែលម្អប្រព័ន្ធបើកប្រាក់ និងបៀវត្សមន្ត្រី, ការអភិវឌ្ឍប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងមន្ត្រីជារួម និងការងារផ្សេងៗទៀតជាដើម។
ទន្ទឹមនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិតណាស់ក្រសួង ស្ថាប័ននីមួយៗ មិនមានស្ថានភាពដូចគ្នាទាំងស្រុងនោះទេ ក៏ប៉ុន្តែដំណើរការនៃការធ្វើជំរឿនមន្ត្រីរបស់យើង បានគិតគូរធ្វើយ៉ាងណាឱ្យមានទម្រង់ របៀបរបប និងនីតិវិធីឯកភាពគ្នា ស្តង់ដាររួមតែមួយ។ ការគិតគូរលើទម្រង់ និងរបាយការណ៍នេះ ជាគំរូសំខាន់សម្រាប់ការបន្តអនុវត្តតាមបណ្តាក្រសួង ស្ថាប័នផ្សេងទៀត៕

