សម្តេចជោ ទទូចឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹង ពាក់ព័ន្ធនឹងការផ្អាកកីឡាករប្រដាល់គុនខ្មែរពីររូបមិនឱ្យចូលរួមការប្រកួត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាព្រឹទ្ធសភាកម្ពុជា បានទទូចឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹង ពាក់ព័ន្ធនឹងការផ្អាកកីឡាករប្រដាល់គុនខ្មែរពីររូបមិនឱ្យចូលរួមការប្រកួតរយៈពេល៦ខែ។
ការទទូចខាងលើ បានធ្វើឡើងក្រោយការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករ២រូប មិនឲ្យប្រកួតរយៈពេល៦ខែក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី២៧ ខែកុម្ភៈនេះ សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា “ ក្រោយការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួតរយៈពេល៦ខែក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។
ខ្ញុំសូមសំណូមពរដ៏ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងនេះសិនព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផងនិងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។
ការដោះស្រាយផ្សេងទៀតរង់ចាំឲ្យកីឡាករទាំងពីររូបនិងគណៈប្រតិភូវិលចូលប្រទេសវិញចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា”៕

