តម្លៃប្រេងអន្តរជាតិបន្តហក់ឡើង ខណៈក្រុមអ្នកវិនិយោគ កំពុងវាយតម្លៃលើការចរចារវាងអាមេរិក និងអ៉ីរ៉ង់

តូក្យូ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters តម្លៃប្រេងអន្តរជាតិ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ បន្តហក់ឡើងតិចតួចទៀត ខណៈដែលក្រុមអ្នកវិនិយោគ កំពុងវាយតម្លៃលើការចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បើទោះបីជាមានការកើនឡើង ក្នុងស្តុកប្រេងឆៅអាមេរិកក៏ដោយ។
នៅក្នុងការជួញដូរពេលព្រឹក ប្រេងឆៅ Brent មានតម្លៃ ៧១.២១ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើង ២៧សេន ឬ ០.៣ភាគរយ។ រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ៦៥.៦៥ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើង ២៣សេន ឬ ០.៤ភាគរយ។
តាំងពីថ្ងៃចន្ទដើមសប្តាហ៍មក តម្លៃប្រេង Brent និង West Texas Intermediate បានហក់ដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា ខណៈទីក្រុងវ៉ាស៉ីនតោន បានពង្រាយកងកម្លាំងយោធានៅតំបន់មជ្ឈិមបូព៌ា ដើម្បីដាក់សម្ពាធលើអ៉ីរ៉ង់ឱ្យចរចាបញ្ចប់កម្មវិធីនុយក្លេអ៊ែរ និងមីស៉ីលផ្លោងរបស់ខ្លួន។
អ្នកវិភាគនៅក្រុមហ៊ុនជប៉ុន Fujitomi Securities លោក Toshitaka Tazawa បាននិយាយថា វិនិយោគិន កំពុងផ្តោតថាតើជម្លោះយោធា អាចបញ្ចៀសបានឬអត់។ តែលោកបន្ថែមថា ទោះជាអរិភាពផ្ទុះឡើង ដរាបណាគោលដៅមានកំណត់ ហើយជម្លោះមានរយៈពេលខ្លី តម្លៃប្រេង West Texas Intermediate ទំនងជានឹងកើនឡើងជាបណ្តោះអាសន្នប៉ុណ្ណោះ ដល់លើសពី ៧០ដុល្លារក្នុងមួយបារ៉ែល៕

