អត្រាកំណើតនៅកូរ៉េខាងត្បូង មានការកើនឡើងជាលើកទីពីរជាប់ៗគ្នាក្នុងឆ្នាំ២០២៥

សេអ៊ូល៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា អត្រាកំណើតនៅកូរ៉េខាងត្បូង មានការកើនឡើងជាលើកទីពីរជាប់ៗគ្នាក្នុងឆ្នាំ ២០២៥ ដែលជាសញ្ញាល្អមួយសម្រាប់ប្រទេស ដែលប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្ត អស់រយៈពេលជិតមួយទស្សវត្សរ៍មកហើយ។
ទិន្នន័យបឋមពីក្រសួងប្រមូលទិន្នន័យ និងស្ថិតិ បានឱ្យដឹងថា អត្រានៃការមានកូនជាមធ្យមរបស់ស្ត្រី ក្នុងវ័យបន្តពូជ នៅកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងមានកម្រិត០.៨០ ក្នុងឆ្នាំ២០២៥ ដែលបានកើនឡើងពីកម្រិត ០.៧៥ក្នុងឆ្នាំ ២០២៤។
ការរៀបអាពាហ៍ពិពាហ៍ គឺជាសូចនាករឈានមុខគេនៃអត្រាកំណើតថ្មី ដោយបានកើនឡើង ៨.១ភាគរយ ក្នុងឆ្នាំ ២០២៥ បន្ទាប់ពីមានកើនឡើង ១៤.៨ភាគរយក្នុងឆ្នាំ ២០២៤។ ការស្ទង់មតិរបស់រដ្ឋាភិបាលរយៈពេលពីរឆ្នាំ ក្នុងឆ្នាំ ២០២៤ បង្ហាញថា ៥២.៥ភាគរយនៃប្រជាជនកូរ៉េខាងត្បូង មានទស្សនៈវិជ្ជមានចំពោះការរៀបអាពាហ៍ពិពាហ៍។ ចំនួនកូនជាមធ្យម ដែលប្រជាជននៅកូរ៉េខាងត្បូងចង់បាន គឺឈរនៅ អត្រា ១.៨៩ភាគរយ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង មានអត្រាកំណើតទាបបំផុតនៅលើពិភពលោក នៅក្នុងឆ្នាំ២០២៣ ជាអំឡុងពេលដែលតម្លៃផ្ទះហក់ឡើងខ្ពស់ និងបញ្ហាដែលស្រ្តីត្រូវចូលរួមចំណែកខ្ពស់ផ្នែកហិរញ្ញវត្ថុ។ អត្រាកំណើតថ្មី ចាប់ផ្តើមស្ទុះងើបឡើងវិញនៅឆ្នាំ ២០២៤ គឺក្រោយជំងឺរាតត្បាតកូវីដ១៩ និងការដាក់ចេញនូវគោលនយោបាយរបស់រដ្ឋាភិបាល ក្រោយធ្លាក់ចុះរយៈពេល ៨ឆ្នាំជាប់ៗគ្នា៕

