ពន្ធគយថ្មីរបស់អាមេរិក ចាប់ផ្តើមចូលជាធរមានហើយ

បរទេស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ចំណាត់ការពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមចូលជាធរមាននាថ្ងៃអង្គារនេះ ស្របពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ព្យាយាមកសាងគោលនយោបាយពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីតុលាការកំពូលអាមេរិក បានចេញសេចក្តីសម្រេចប្រឆាំងការដំឡើងពន្ធគយជាសកលកន្លងមករបស់លោក។
ពន្ធគយថ្មីខាងលើ ដែលជាដំបូងមានអត្រា ១០ភាគរយ នឹងត្រូវអនុវត្តរយៈពេល១៥០ថ្ងៃ លុះត្រាតែត្រូវបានពន្យារពេលបន្ថែមទៀត ដោយសភាអាមេរិក។ ទីភ្នាក់ងារគយអាមេរិក បានប្រកាសថា ខ្លួននឹងឈប់ប្រមូលពន្ធ ដែលត្រូវបានច្រានចោលដោយតុលាការកំពូល ចាប់ពីថ្ងៃអង្គារនេះ ប៉ុន្តែនឹងចាប់ផ្តើមប្រមូលពន្ធថ្មី១០ភាគរយ ក្នុងថ្ងៃដដែល។
កាលពីថ្ងៃចន្ទ លោក ត្រាំ ក៏បានគំរាមផងដែរថា នឹងដំឡើងពន្ធកាន់តែខ្ពស់លើប្រទេសទាំងឡាយណា ដែលជ្រើសរើសលេងហ្គេម ក្រោយការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក ក្នុងសារព្រមានមួយទៅកាន់បណ្តាប្រទេសនានា ដែលកន្លងមកបានឈានដល់ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោន ក្រោមការគំរាមកំហែងពន្ធ។
គួរបញ្ជាក់ថា រយៈពេលប្រមាណជា១ឆ្នាំមកនេះ លោក ត្រាំ បានដំឡើងពន្ធក្នុងអត្រាផ្សេងៗគ្នា ទៅលើដៃគូពាណិជ្ជកម្មរបស់អាមេរិក ដើម្បីដាក់សម្ពាធទាំងលើសម្ព័ន្ធមិត្តនិងគូប្រជែង។ រូបលោកបានប្រើប្រាស់ពន្ធនោះ ដើម្បីចរចារឿងពាណិជ្ជកម្មជាមួយប្រទេសនានា៕

