EU នឹងចូលរួមក្នុងកិច្ចប្រជុំលើកដំបូងក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែមិនចូលជាសមាជិកទេ

ព្រុចសែល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP សហភាពអឺរ៉ុប (EU) នឹងចូលរួមក្នុងកិច្ចប្រជុំលើកដំបូងនាសប្តាហ៍នេះ នៃក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប៉ុន្តែអ្នកនាំពាក្យ EU បានបន្តអះអាងកាលពីថ្ងៃចន្ទ ទី១៦ ខែកុម្ភៈថាទីក្រុងព្រុចសែលនឹងមិនចូលជាសមាជិកទេ។
ស្នងការអឺរ៉ុបទទួលបន្ទុកតំបន់មេឌីទែរ៉ាណេ លោកស្រី Dubravka Suica នឹងធ្វើដំណើរទៅទីក្រុងវ៉ាស៉ីនតោន ដើម្បីតំណាងឱ្យ EU ក្នុងកិច្ចប្រជុំនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
អ្នកនាំពាក្យ EU លោក Guillaume Mercier បាននិយាយថា លោកស្រីនឹងចូលរួម ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់ផ្នែកជាក់លាក់ដែលនិយាយអំពីតំបន់ហ្កាហ្សា ហើយលោកបញ្ជាក់ថា គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័ននីតិប្រតិបត្តិកំពូលរបស់ EU នឹងមិនក្លាយជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាពទេ។
លោក Mercier បានបន្ថែមថា គណៈកម្មការអឺរ៉ុប ចូលរួមក្រោមក្របខណ្ឌ នៃការប្តេជ្ញាយូរមកហើយរបស់ខ្លួន ចំពោះការអនុវត្តបទឈប់បាញ់ហ្កាហ្សា និងការគាំទ្រ កិច្ចប្រឹងប្រែងជួសជុលស្ថាបនា ក៏ដូចជាក្រោយការស្តារឡើងវិញ នៅហ្កាហ្សា។
គួរបញ្ជាក់ថា ប្រតិភូមកពីប្រទេសប្រហែលជាង២០ មានទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ត្រូវបានរំពឹងថា នឹងចូលរួមកិច្ចប្រជុំខាងលើ។ ក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតីអាមេរិក ដំបូងឡើយត្រូវបានផ្តួចផ្តើមឡើង ដើម្បីតែចាត់ចែងទៅលើ ការអនុវត្តបទឈប់បាញ់ និងការស្ថាបនាឡើងវិញនៅដែនដីប៉ាឡេស្ទីនហ្កាហ្សាប៉ុណ្ណោះ បន្ទាប់ពីសង្រ្គាមដ៏អាក្រក់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ ប៉ុន្តែក្រោយមក គោលបំណងរបស់ក្រុមប្រឹក្សានេះ ក៏ត្រូវបានពង្រីកបន្ថែមដើម្បីដោះស្រាយជម្លោះផ្សេងៗ នៅជុំវិញពិភពលោក៕

