អភិបាលខេត្តកំពង់ស្ពឺ ណែនាំប្រជាពលរដ្ឋគ្រប់អាយុ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាព រួសរាន់ទៅបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណថ្មី

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋគ្រប់អាយុ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហួសសុពលភាព រួសរាន់ទៅបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណថ្មីឱ្យបានគ្រប់ៗគ្នា ដើម្បីធានានូវសិទ្ធិ និងប្រយោជន៍ស្របច្បាប់ ក្នុងការទទួលសេវាផ្សេងៗ។
ការណែនាំរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងកាត់ខ្សែបូសម្ពោធឆ្លងព្រះវិហារថ្មី ក្នុងវត្តអង្គតាប្រាក់ ស្ថិតនៅភូមិក្បាលទឹកក្រោម ឃុំជាំសង្កែ ស្រុកភ្នំស្រួច នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបានថ្លែងនូវការកោតសរសើរចំពោះសាមគ្គីភាពរបស់ពុទ្ធបរិស័ទ ដែលបានកសាងសមិទ្ធផលដ៏វិសេសវិសាលនេះ។
ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ បច្ចុប្បន្នខេត្តកំពង់ស្ពឺ បានក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាគោលដៅទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការសម្របសម្រួលយ៉ាងល្អពីអាជ្ញាធរ បានធ្វើឱ្យអ្នកវិនិយោគជាច្រើនសម្រេចចិត្តមកបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តយ៉ាងច្រើនកុះករ។
ក្រៅពីការលើកឡើងពីវិស័យសាសនា និងសេដ្ឋកិច្ច ឯកឧត្តម អភិបាលខេត្ត ក៏បានឆ្លៀតឱកាសអំពាវនាវ និងណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជា អាជ្ញាធរមូលដ្ឋាន អំពីការគ្រប់គ្រងកាកសំណល់ និងសំរាម មិនមែនជាតួនាទីរបស់អាជ្ញាធរតែម្នាក់ឯងនោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមប្រភេទ និងតាមទីកន្លែងដែលបានកំណត់៕

