អគ្គលេខាធិការដ្ឋានរដ្ឋសភា ជំរុញការវាយតម្លៃការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៥ ដើម្បីបង្កើនតម្លាភាព និងប្រសិទ្ធភាព

ភ្នំពេញ៖ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ក.ហ.ស.) នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបង្ហាញជំហរមុតមាំក្នុងការបន្តពង្រឹងអភិបាលកិច្ចហិរញ្ញវត្ថុ តាមរយៈការចូលរួមពិភាក្សាស៊ីជម្រៅលើរបាយការណ៍តាមដាន និងវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រតាមប្រព័ន្ធឌីជីថល នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ពៅ ប្រធាននាយកដ្ឋាននីតិវិធី តំណាងឱ្យឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងនិងជាប្រធានក្រុមការងារ ក.ហ.ស. បានដឹកនាំប្រតិភូអមដោយថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Zoom) ជាមួយគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតំណាងដៃគូអភិវឌ្ឍន៍។
អង្គប្រជុំបានផ្តោតសំខាន់លើរបៀបវារៈអាទិភាពចំនួនពីរ រួមមានទី១.ការត្រួតពិនិត្យសមិទ្ធផលដោយអង្គប្រជុំបាន វាយតម្លៃលើវឌ្ឍនភាពនៃរបាយការណ៍ប្រចាំឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែលផ្តោតលើ «គណនេយ្យភាពសមិទ្ធកម្ម»និងទី២ ការត្រៀមលក្ខណៈយុទ្ធសាស្ត្រដោយអង្គប្រជុំបាន រៀបចំខ្លឹមសារ និងទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឱ្យកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ នាពេលខាងមុខ។
ការចូលរួមរបស់តំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងកិច្ចប្រជុំនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញ និងពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ស្របតាមកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។
គួររំលឹកផងដែរថា រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ចំពោះការងារកំណែទម្រង់ ដោយមិនត្រឹមតែផ្តោតលើការបំពេញតាមនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីធានាថាការប្រើប្រាស់ថវិកាជាតិ និងការគ្រប់គ្រងហិរញ្ញវត្ថុប្រព្រឹត្តទៅដោយមានតម្លាភាព ភាពត្រឹមត្រូវតាមបច្ចេកទេស គណនេយ្យភាពចំពោះមុខច្បាប់ និងសាធារណជន ព្រមទាំងប្រសិទ្ធភាពស្របតាមកម្មវិធីកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

