អភិបាលខេត្តស្វាយរៀង អញ្ជើញប្រកាសសុពភាពសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយរៀង អាណត្តិទី៥ នៃក្រុងស្វាយរៀង

ភ្នំពេញ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពភាពសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយរៀង អាណត្តិទី៥ នៃក្រុងស្វាយរៀង ស្ថិតនៅសាលប្រជុំសាលាក្រុងស្វាយរៀង។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតំណាងកងកម្លាំង លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោកនាយករដ្ឋបាលសាលាក្រុង ប្រធាន អនុប្រធានការិយាល័យសាលាក្រុង លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរៀង នាយកសាលា លោក ប្រធានមណ្ឌលសុខភាពក្នុងសង្កាត់ស្វាយរៀង សមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយរៀងអាណត្តិចាស់ និងអាណត្តិថ្មី លោក លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ ក្នុងសង្កាត់តំណាងគណបក្សនយោបាយ អង្គការ អង្គភាពក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋសង្កាត់ស្វាយរៀង សរុបវត្តចូលរួមចំនួន ៨០នាក់។

ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នេះ ក៏ដូចជាគណបក្សនយោបាយនានា និង ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំរួមគ្នាលើកកម្ពស់វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីរស់នៅ និងបំពេញការងារប្រកបដោយភាពសុខដុមរមនាក្នុងសង្គមសម្រាប់ជាមូលដ្ឋានក្នុងការធានាចីរភាពដំណើរការលទ្ធិប្រធាធិបតេយ្យសេរីពហុបក្ស ការបោះឆ្នោតនិងការអភិវឌ្ឍសង្គមឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។
ឯកឧត្តមបន្តថា ចំពោះអស់លោក-លោកស្រី ដែលទើបជាប់ឆ្នោតថ្មីនិងអស់លោក លោកស្រីដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងអាណត្តិទី៥នេះ ពិតជាមានការរីករាយប្រកបដោយមោទនភាព និងកំពុងសម្រួចឆន្ទៈក្នុងការចូលរួមបញ្ចេញសមត្ថភាពប្រាជ្ញាស្មារតី កម្លាំងកាយ កម្លាំងចិត្តដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួន។ដូច្នេះសូម លោក-លោកស្រីទាំងអស់មេត្តាយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាលបំពេញការងារចំពោះមុខមួយចំនួនឲ្យបានម៉ត់ចត់រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។
ឯកឧត្តមបានថ្លែងនូវការអរគុណចំពោះក្រុមប្រឹក្សាអាណត្តិចាស់ពិតជាមានឆន្ទៈប្រកបដោយភាពសប្បាយរីករាយក្នុងការផ្ទេរតំណែងជូនក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥តាមរយៈការប្រគល់ ទទួលត្រា បញ្ជី សម្ភារៈ ប្រាក់កាស និងឯកសារនានានូវក្នុងឱកាសនេះ៕

