អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសួនច្បារ ផ្លូវភ្លោះព្រះមុនីវង្ស ដែលទើបជួសជុលកែលម្អ

កំពង់ចាម៖ ដោយបានការឯកភាពពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ក្នុងការរៀបចំកែលម្អសួនច្បារនានា ក្នុងក្រុងកំពង់ចាម អោយកាន់តែមានភាពស្រស់បំព្រងទ្វេរឡើង, ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ អញ្ជេីញចុះពិនិត្យសួនច្បារ ផ្លូវភ្លោះព្រះមុនីវង្ស ដែលទើបជួសជុលកែលម្អ ស្ថិតក្នុងសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការរៀបចំតុបតែង កែលម្អសួនច្បារខាងលើ គឺជាជ្រុងមួយដែលធ្វើឲ្យក្រុងកំពង់ចាម កាន់តែមានសោភ័ណភាពស្រស់បំព្រង ទ្វេឡើង និងមានសុវត្ថិភាពខ្ពស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលំហែកំសាន្ត និងត្រៀមអបអរឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយផាសុកភាព និងសាកសមជាទីក្រុងស្អាត “រំដួល ៣ទង” និងជាទីក្រុងដែលទើបទទួលបានជ័យលាភី “ទីក្រុងស្អាតអាស៊ាន” ឆ្នាំ២០២៦៕

