អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញផ្សព្វផ្សាយ សារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនដល់គ្រប់តួអង្គពាក់ព័ន្ធជុំវិញខេត្ត។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប្រធានរតនាគារខេត្ត អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ប្រារព្ធធ្វើ ឡើង នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក បឹង គិមសិង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយនេះ មានសារៈសំខាន់ចាំបាច់សម្រាប់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្ត អង្គភាពទីភ្នាក់ងារប្រតិបត្តិការពិសេស គណៈអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីដែល ពាក់ព័ន្ធ នឹងការអនុវត្តចំណូល ចំណាយថវិកាក្នុងឆ្នាំ ២០២៦នេះ អោយសម្រេចបានតាមគោលដៅ និងគោលនយោបាយដែលរាជរដ្ឋាភិបាលបានកំណត់។ ធានាការគ្រប់គ្រង ការអនុវត្តថវិកាឈានទៅបង្កើត លទ្ធផលជាក់ស្តែងដែលអាចវាស់វែងបាន និងរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណងគោល នយោបាយអាទិភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាមួយនឹងការអនុវត្តចំណូល ចំណាយថវិកា ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវម្ចាស់ការក្នុងការរៀបចំរបាយការណ៍ចំណូល ចំណាយប្រចាំខែ ប្រចាំត្រីមាស ប្រចាំត្រីមាស និងប្រចាំឆ្នាំ រួមទាំងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តថវិកាកម្មវិធីប្រចាំឆមាស និងប្រចាំឆ្នាំ និងផ្ញើរមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងផ្ញើរទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យបានទាន់ពេលវេលាកំណត់ ដូចមានចែងក្នុងសារាចរណែនាំនេះជាធរមាន។
ក្នុងនោះដែរឯកឧត្ដមអភិបាលខេត្ត ជម្រុញដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវប្រើប្រាស់នូវចំណេះដឹង សមត្ថភាព គួបផ្សំនឹងបទពិសោធន៍ការងារ ដើម្បីធានាឱ្យប្រាកដថា ការអនុវត្តថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នេះអាចសម្រេចបានសមិទ្ធិផលតាម គោលដៅសូចនាករដែលបានកំណត់៕

