ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤

បន្ទាយមានជ័យ៖ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម យុត ស្វីនី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឱ្យឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្ដីទី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណអភិបាលរងខេត្ត និងលោក លោកស្រី អភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្ដីទី បានឡើងមានប្រសាសន៍រាយការណ៍សង្ខេបគម្ពីរសកម្មភាពការងាររបស់រដ្ឋបាលខេត្ត និងសូមឱ្យបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ទាំងអស់ ត្រូវជួយសម្របសម្រួលក្នុងការផ្ដល់សេវាជូនទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យបានលឿននិងទាន់ពេលវេលានិងត្រូវរក្សាឲ្យបាននូវភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ។
ថ្លែងក្នុងឱកាសនោះឯកឧត្ដម ប្លែក វ៉ារី បានធ្វើការកោតសរសើរដល់លោក លោកស្រី ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក៏ដូចជាលោកអភិបាលក្រុង ស្រុក ឃុំ សង្កាត់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយទទួលបានលទ្ធផលល្អគ្រប់សកម្មភាពការងារទាំងអស់ និងបន្តខិតខំកិច្ចការនេះឲ្យកាន់តែមានប្រសិទ្ធភាព។
ជាចុងបញ្ចប់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការស្នើសុំអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជុំវិញទាំងអស់ត្រូវជួយពន្លឿនការធ្វើរបាយការណ៍ឲ្យបានទាន់ពេលវេលាដើម្បីបញ្ជូនមកឲ្យក្រុមប្រឹក្សាបានធ្វើការអនុម័ត៕

