ឯកឧត្តម បួន ហេង អញ្ជើញចូលរួមកិច្ចប្រជុំចាប់ផ្តើមការងាររវាងអង្គភាពអនុវត្តគម្រោង សមាសភាគទី៣ ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA ENGINEETING CO.,LTD

ភ្នំពេញ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.គ.ស បានអញ្ជើញចូលរួមកិច្ចប្រជុំចាប់ផ្តើមការងាររវាងអង្គភាពអនុវត្តគម្រោង សមាសភាគទី៣ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស DOHWA ENGINEETING CO.,LTD នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង និងមានការអញ្ជើញចូលរួមពីតំណាងអង្គភាពអនុវត្តគម្រោង ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអង្គភាពគ្រប់គ្រងគម្រោង ក្រសួងមហាផ្ទៃ តំណាងអង្គភាពអនុវត្តគម្រោង ក្រសួងបរិស្ថាន ក្រុមបេសកកម្មធនាគារពិភពលោក តំណាងរដ្ឋបាលខេត្តកណ្តាល ទីប្រឹក្សាបច្ចេកទេស និងតំណាងក្រុមហ៊ុន DOHWA ENGINEETING CO.,LTD ព្រមទាំងអ្នកពាក់ព័ន្ធ សរុបប្រមាណ ៤០រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីដំណាក់កាលសំខាន់ៗនៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមហ៊ុន DOHWA ENGINEERING CO.,LTD។
សូមបញ្ជាក់ថា ក្រុមហ៊ុន DOHWA ENGINEETING CO.,LTD គឺជាក្រុមហ៊ុនដែលបានចុះកិច្ចសន្យាជាមួយអង្គភាពអនុវត្តគម្រោងក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការផ្តល់សេវារៀបចំប្លង់រចនាលម្អិតសម្រាប់ការសាងសង់ទីលានទុកដាក់សំរាមនៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា៕

