រដ្ឋមន្រ្តីសុខាភិបាល៖ សម្រាប់ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីរាជការសុខាភិបាល ត្រូវបន្តយកចិត្តទុកដាក់ខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៦ ក្នុងការដាក់ចេញនូវទិសដៅការងារ និងរៀបចំផែនការងារបន្ត ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព ក្នុងការអនុវត្តការងារប្រចាំថ្ងៃបន្ថែមទៀត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ-បុគ្គលិកទាំងអស់ និងក្រុមគ្រូពេទ្យបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក និងវីរកងទ័ពនៅជួរមុខ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីបុរេសកម្ម ឆន្ទៈ និងមនសិកាខ្ពស់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ក្នុងនាមយើងជាមន្ត្រីសុខាភិបាល ត្រូវខិតខំសម្រេចឱ្យបាននូវកិច្ចការងារក្នុងកាតព្វកិច្ចរបស់ខ្លួន និងបន្តខិតខំពិនិត្យព្យាបាលជូនអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានណែនាំ និងផ្តល់នូវអនុសាន៍បន្ថែម ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់កម្រិតនៃវិស័យសុខាភិបាល ដើម្បីបន្តពង្រឹងកិច្ចការងារនៅតាមមូលដ្ឋានសុខាភិបាលដោយ រាល់ការសរសេររបាយការណ៍ត្រូវតែភាពអព្យាក្រឹត និងជាទម្រង់ដ៏ត្រឹមត្រូវគត់មត់។ ថ្នាក់ដឹកនាំសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងរាជធានី ខេត្ត ត្រូវយកចិត្តសហការគ្នាឱ្យបានជិតស្និត ជាមួយគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីបង្ការទប់ស្កាត់ជំងឺនីប៉ាស៍ ចម្លងចូលទៅក្នុងសហគមន៍ ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលមាន៕

