រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

សៀមរាប៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាបក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
សន្និបាតនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សា គណៈអភិបាល នាយករដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អង្គការ សមាគមសរុបចំនួន ៧៦៣រូប។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាពេលនេះ គឺជាយន្តការ ការងារសម្រាប់យើងធ្វើការរួមគ្នា ដើម្បីត្រួតពិនិត្យ វាយតម្លៃអំពីលទ្ធផលការងារដែលសម្រេចបាន និងដឹងអំពីបញ្ហាប្រឈមដែលនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារកំណត់ជាទិសដៅអនុវត្តក្នុងឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បន្ដថា ក្នុងឆ្នាំ២០២៦នេះ យើងត្រូវរៀបចំផែនការព្រឹត្តិការណ៍នានា និងសកម្មភាពអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការចាំបាច់ ដើម្បីជំរុញវិស័យអបរំ ទេសចរណ៍ កសិកម្ម សេវាកម្ម និងសង្គមកិច្ច ជាពិសេសជំរុញការយកចិត្តទុកដាក់ខ្ពស់លើកិច្ចប្រតិបត្តិការ របស់តួអង្គពាក់ព័ន្ធក្នុងកិច្ចគាំទ្រ សម្របសម្រួលលើការងារសេវាសង្គម នៅក្នុងខេត្តសៀមរាបទាំងមូល ឱ្យមានសន្ទុះឡើង និងស័ក្ដិសិទ្ធភាព ថែមទៀតផង៕

