មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ កោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិតនៃអគ្គនាយកដ្ឋានធនធានមនុស្ស ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត សម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ប្រហាក់ប្រហែល តំណាងរដ្ឋបាលរាជធានី ខេត្ត តំណាងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានធនធានមនុស្ស ព្រមទាំងសមាជិក សមាជិកា ជាច្រើនរូបទៀតផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ និងអង្គពិធីទាំងមូល និងបានធ្វើសេចក្តីរាយការណ៍ ពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ និងបានដាក់ចេញទិសដៅការងារបន្តឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស។
ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិតនៃអគ្គនាយកដ្ឋានធនធានមនុស្ស ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត សម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់គិតជាភាគរយមាន៨៩,៨៧% នៃផែនការសកម្មភាពឆ្នាំ២០២៥។
ជាថ្មីម្តងទៀត ឯកឧត្តម សន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះ អគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំគ្រប់កម្រិត និងមន្ត្រីទាំងអស់ នៃអគ្គនាយកដ្ឋានធនធានមនុស្ស ដែលមានគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗមានស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈការងារមោះមុត មានសាមគ្គីភាពផ្ទៃក្នុងល្អ និងមានមនសិការការងារខ្ពស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ឱ្យទទួលបានលទ្ធផលការងារជាបន្ត បន្ទាប់ជូនក្រសួងមហាផ្ទៃ និងស្រមតាមការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការចង្អុល ដឹកនាំប្រកបដោយទស្សនវិស័យរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការគាំទ្រចង្អុលណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយទស្សនវិស័យជឿនលឿនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផលនៃអង្គសន្និបាតនេះសម្រេចបានលទ្ធផលជោគជ័យតាមកម្មវិធីដែលបានគ្រោងទុក ដូចខាងក្រោម៖ដោយបានឯកភាពលើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានធនធានមនុស្ស សម្រេចបានចំនួន ៨៩,៨៧% នៃផែនការសកម្មភាពឆ្នាំ២០២៥ បានសម្រេចដាក់ចេញនូវទិសដៅការងារបន្តសម្រាប់អគ្គនាយកដ្ឋានធនធានមនុស្ស យកមកអនុវត្តនៅឆ្នាំ២០២៦ បានទទួលនូវបទពិសោធ បញ្ហាប្រឈម និងសំណូមពរមួយចំនួន ដែលជាធាតុចូលល្អៗតាមរយៈការឡើងធ្វើបទអន្តរាគមន៍របស់រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលចំនួន៦ រួមមានតំណាងខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង អគ្គនាយកដ្ឋានពន្ធនាគារ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកោះកុង បានទទួលនូវអនុសាសន៍ល្អៗរបស់ឯកឧត្តមប្រធានគណៈអធិបតី ក្នុងការណែនាំតម្រង់ទិសលើការអនុវត្តការងារឆ្នាំ២០២៦ ឱ្យទទួលបានលទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួងមហាផ្ទៃ ។
ជាចុងបញ្ចប់ពិធីបិទសន្និបាតនេះ ឯកឧត្តម សន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានធនធានមនុស្សទាំងអស់ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ចាប់ពីពេលនេះតទៅ៕

