ឯកឧត្តម សួស ប្រាថ្នា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី ភារកិច្ចរបស់មន្រ្តីភូមិ

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី ភារកិច្ចរបស់មន្រ្តីភូមិ ដោយមានការចូលរួមពីលោកអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងអង្គការយូនីសេហ្វ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ទីប្រឹក្សាបច្ចេកទេស និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ ដើម្បីឱ្យរបាយការណ៍នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រើប្រាស់ជាមូលដ្ឋាននៅក្នុងការកែសម្រួល និងធ្វើបច្ចុប្បន្នភាពដល់តួនាទី ភារកិច្ចមន្ត្រីភូមិ ស្រប់តាមសេចក្តីណែនាំលេខ០០៤ ស.ណ.ន. ចុះថ្ងៃទី១៧ ខែមីនា ២០០៦ ស្តីពីបែបបទ នីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់ភូមិ និងស្របទៅនឹងស្ថានភាពសង្គម-សេដ្ឋកិច្ចរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ននិងអនាគត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់ពីសាវតារខ្លះៗទាក់ទងនឹងមន្ត្រី និងការងារនៅថ្នាក់ភូមិ ដោយផ្អែកតាមមាត្រា ៣០ និងមាត្រា៣១ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗត្រូវរៀបចំជ្រើសរើសមេភូមិម្នាក់សម្រាប់ភូមិនីមួយៗចំណុះឃុំ សង្កាត់របស់ខ្លួន ហើយមេភូមិត្រូវចាត់តាំងឱ្យមានអនុភូមិមួយរូប និងសមាជិកមួយរូបជាជំនួយការ និងការអនុវត្តតាមស្មារតីអនុក្រឹត្យលេខ២២ ចុះថ្ងៃទី២៥ ខែមិនា ឆ្នាំ២០០២ ស្ដីពីការធ្វើវិមជ្ឈការអំណាច តួនាទី និងភារកិច្ចទៅឱ្យក្រុមប្រឹក្សាឃុំ សង្កាត់។ ជាមួយគ្នានេះ មន្ត្រីភូមិទាំងនេះត្រូវអនុវត្តនូវភារកិច្ចដែលក្រុមប្រឹក្សាឃុំ សង្កាត់ ឬមេឃុំ ចៅសង្កាត់ប្រគល់ឱ្យ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងភូមិ ព្រមទាំងផ្តល់នូវយោបល់នានាដល់ក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនពាក់ព័ន្ធនឹងផលប្រយោជន៍របស់ភូមិ។
ជាចុងបញ្ចប់ ឯកឧត្តម បានថ្លែងអំណរគុណដល់លោក លោកស្រី ទាំងអស់ដែលបានចំណាយពេលវេលាដ៏មមាញឹកនិងមានតម្លៃអញ្ជើញចូលរួមកិច្ចប្រជុំនេះ និងបានផ្តល់នូវមតិយោបល់ល្អៗ ដើម្បីឱ្យសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិកាន់តែមានភាពល្អប្រសើរ៕

