អភិបាលខេត្តតាកែវ ណែនាំអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នៅក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានល្អ

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងរំលឹកដល់អ្នកសារព័ត៌មានរដ្ឋ និងឯកជនទាំងអស់ត្រូវប្រកាន់ខ្ជាប់នៅក្រមសីលធម៌ វិជ្ជាជីវៈឲ្យបានល្អ ដើម្បីក្លាយជាកញ្ចក់ ឆ្លុះបញ្ចាំងអំពីតថភាពពិតនៅក្នុងសង្គម។
ថ្លែងក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី៩ ខែមករា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គិម ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អមដំនើរដោយលោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាល លោក អៀម ថៃ ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការជាច្រើនរូបទៀត។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា បងប្អូនអ្នកសារព័ត៌មានត្រូវគោរពឲ្យខាងតែបាននូវក្រមសីលធម៌វិជ្ជាជីវៈ ដែលបានកំនត់ដោយក្រសួងព័ត៌មានពិសេសមុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់និងស្វែងរកប្រភពឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងផ្សព្វផ្សាយខុសធ្វើឲ្យប៉ះពាល់ដល់កិត្តយសខ្លួនឯង និងអ្នកដទៃ និយាយជារួមអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានណាដែលពិត ច្បាស់លាស់មិនប្រឌិត មិនកុហក ក្លែងបន្លំ ដើម្បីផ្ដល់ជាពុទ្ធិចំណេះដឹងដល់មិត្តអ្នកអាន មិត្តអ្នកស្ដាប់ ទទួលបានព័ត៌មានត្រឹមត្រូវពិតប្រាកដ។
ជាមួយគ្នានោះដែរឯកឧត្តម វ៉ី សំណាង ក៏បានជំរុញដល់មន្រ្តីរាជការនៃមន្ទីរព័ត៌មានត្រូវខិតខំរៀនសូត្រពង្រឹងចំណេះជំនាញបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការអនុវត្តការងារប្រចាំថ្ងៃស្របតាមបរិបទសម័យឌីជីថល លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារ ដើម្បីចូលរួមអភិវឌ្ឍស្ថាប័នរបស់ខ្លួនឲ្យកាន់តែរីកចម្រើនថែមទៀត៕

