គណៈកម្មការធ្វើជំរឿនមន្រ្តី ជួបប្រជុំគ្នាការងារត្រៀមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ ដើម្បីឱ្យដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងអនុវត្តស្របតាមស្មារតីនៃសារាចររបស់រាជរដ្ឋាភិបាល នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ដឹកនាំដោយ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ នៃរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នាពេលខាងមុខ។
កិច្ចប្រជុំនេះ រៀបចំឡើងនៅវិទ្យាល័យ ជាសុីមឈូកវ៉ា និងវិទ្យាល័យ ព្រែកលៀប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃគណៈកម្មការជំរឿនទាំង ២ខណ្ឌ អង្គភាពពាក់ព័ន្ធមកពីក្រសួងអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌទាំង២ ព្រមទាំងលោកនាយក នាយិកា នៃវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងមត្តេយ្យសិក្សានៅក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ។
គោលដៅនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ គឺដើម្បីប្រមូលបានទិន្នន័យច្បាស់លាស់ទាំងរចនាសម្ព័ន្ធ ទាំងចំនួនមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។ ទាំងនេះនឹងនាំមកនូវផលប្រយោជន៍ និងភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងជាដំណើរការនៃការពង្រឹងសមត្ថភាពស្ថាប័ន នៃការគ្រប់គ្រងរដ្ឋបាលសាធារណៈ៕

