លោក សុខ ធា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៦

ភ្នំពេញ៖នាព្រឹកថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក លោកស្រី នាយរងប៉ុស្តិ៍ លោកនាយផ្នែក និងមន្ត្រីពាក់ព័ន្ធ។
បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ថោង សុផាត ប្រធានសេនាធិការអានរបាយការណ៍ស្តីអំពីវឌ្ឍនភាពការងារខែធ្នូ ដែលមន្ត្រីប៉ុស្តិ៍ បានបំពេញជូនអង្គប្រជុំជ្រាប។
លោកឧត្តមសេនីយ៍ត្រី សុខ ធា បានថ្លែងអំណរគុណដល់កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានយកចិត្តទុកដាក់ខ្ពស់ និងខិតខំបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងចូលរួមសហការជាមួយកងកម្លាំងគ្រប់ស្ថាប័ន ការពារសន្តិសុខ សុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងភ្ញៀវជាតិ អន្តរជាតិ ដែលបានធ្វើដំណើរចេញចូលតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
លោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីនគរបាលប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ហាមដាច់ខាតមិនទទួលយកលុយធីបពីភ្ញៀវឡើយ ព្រោះជាកត្តាដែលនាំអោយអាប់ឱនកិត្តិយសប្រទេសជាតិ និងប៉ះពាល់ដល់វិន័យកងកម្លាំងនគរបាលជាតិ។
លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បានណែនាំបន្ថែមដល់ កម្លាំងនគរបាលយើងត្រូវមានឥរិយាបថសមរម្យ ពង្រឹងវិន័យកងកម្លាំង គ្រប់គ្រងកម្លាំង សាមគ្គីផ្ទៃក្នុង និងវេនការងារឲ្យបានល្អ សម្រាប់ធ្វើរបាយការណ៍ប្រចាំថ្ងៃ សប្តាហ៍ ខែ ឆ្នាំឲ្យទាន់ពេលវេលា។ ក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍ បានណែនាំដល់មន្ត្រីទាំងអស់ត្រូវចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ៕

