Chevron ដែលជាក្រុមហ៊ុនប្រេងអាមេរិកដ៏ធំតែមួយគត់ ដែលធ្វើប្រតិបត្តិការនៅវ៉េណេស៊ុយអេឡា កំពុងអំពាវនាវឱ្យបុគ្គលិកចូលធ្វើការវិញ

Houston៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ ២០២៦ Chevron ដែលជាក្រុមហ៊ុនប្រេងអាមេរិកដ៏ធំតែមួយគត់ ដែលធ្វើប្រតិបត្តិការនៅវ៉េណេស៊ុយអេឡា កំពុងអំពាវនាវឱ្យបុគ្គលិកចូលធ្វើការវិញ នៅពេលដែលការនាំចេញប្រេងឆៅរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិកដំណើរការជាថ្មី ហើយក្រុមហ៊ុនព្យាយាមធានាថាការធ្វើប្រតិបត្តិការមានលក្ខណៈប្រក្រតី។
តាមប្រភពជិតស្និទ្ធនឹងក្រុមហ៊ុន បុគ្គលិកប្រហែល ២០នាក់នៃសាខានៅវ៉េណេស៊ុយអេឡា ដែលទៅក្រៅប្រទេសសម្រាប់ថ្ងៃឈប់សម្រាក ត្រូវបានប្រាប់ឱ្យចូលធ្វើការវិញ បន្ទាប់ពីជើងហោះហើរអន្តរជាតិបើកដំណើរការ។
ការដឹកជញ្ជូនទៅវ៉េណេស៊ុយអេឡា ត្រូវជាប់គាំងអស់មួយខែមកហើយ ចំពោះមុខការបង្កើនវត្តមានយោធាអាមេរិកនៅក្នុងតំបន់ ដែលឈានទៅដល់ការចាប់ខ្លួនមេដឹកនាំ លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា។
ទិន្នន័យដឹកជញ្ជូនបង្ហាញថា នាវាដឹកប្រេងជួលដោយក្រុមហ៊ុន Chevron ដឹកប្រេងឆៅរបស់វ៉េណេស៊ុយអេឡា ប្រហែល ៣០០ ០០០បារ៉ែលឆ្ពោះទៅឆ្នេរសមុទ្រអាមេរិក បានចេញដំណើរពីដែនទឹកនៃប្រទេស OPEC កាលពីថ្ងៃចន្ទ៕
