ឯកឧត្តម ថោ ជេដ្ឋា ចាត់តំណាងនាំយកអំណោយដ៏ថ្លៃថ្លាសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនរដ្ឋបាលខេត្តឧត្ដរមានជ័យ

ភ្នំពេញ៖ នាថ្ងៃអាទិត្យ ១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន អង្ករ ប្រហុក ថវិកាមួយចំនួន ព្រមទាំងរថយន្តមួយគ្រឿង ប្រគល់ជូនមន្ទីរធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីដោះស្រាយ និងបម្រើការជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ពដែលកំពុងស្នាក់នៅតាមទីកន្លែងសុវត្ថិភាពនានា ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍លើកឡើងថា អំណោយទាំងអស់នេះគឺបង្ហាញពីការយកចិត្តទុកដាក់របស់សមរភូមិក្រោយជួយដល់សមរភូមិមុខ និងដោយឈរលើស្មារតីរួបរួមសាមគ្គីគ្នាខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ដើម្បីជួយបន្ធូរបន្ថយការលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខរបស់បងប្អូនប្រជាជនភៀសសឹក គ្រួសារកងទ័ព និងកងទ័ព ខណៈដែលបងប្អូននិងក្រុមគ្រួសារ ត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង ដោយសារសង្គ្រាមឈ្លានពានដ៏ឃោរឃៅពីសំណាក់ចោរសៀមមកលើដែនអធិបតេយ្យកម្ពុជា ហើយកំពុងស្នាក់នៅបណ្តោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ពីការគាំទ្រ និងជឿជាក់លើវីរកងទ័ព និងវីរនគរបាលដ៏អង់អាចដែលបាននិងកំពុងឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាពិសេសជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រកបដោយយុទ្ធសាស្ត្រ ដើម្បីស្វែងរកសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស៕

