រដ្ឋមន្ត្រី ថោ ជេដ្ឋា ចាត់តំណាងនាំយកអំណោយដ៏ថ្លៃថ្លាសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ សម្រាប់បែងចែកបន្តជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹកដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

ភ្នំពេញ៖នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន អង្ករ១០តោន មី១០០កេស ទឹកបរិសុទ្ធ១០០កេស ប្រហុក២០០០កែវ ត្រីងៀត១០០គីឡូក្រាម សាច់ក្រក១០០គីឡូក្រាម និងថវិកាមួយចំនួន ដើម្បីប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារសម្រាប់បែងចែកបន្តទៅដល់វីរកងទ័ព និងបងប្អូនភៀសសឹកដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ។
សូមជម្រាបថា គ្រឿងឧបភោគបរិភោគទាំងនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចរដ្ឋបាលខេត្តព្រះវិហារ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់វីរកងទ័ព និងបងប្អូនភៀសសឹក ដែលបានចាកចេញពីផ្ទះសម្បែងដោយសារការឈ្លានពានដ៏ឃោរឃៅរបស់យោធាសៀម ហើយកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្មារតីរួបរួមសាមគ្គីគ្នាខ្មែរតែមួយ ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ។
នៅក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ ក៏បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារផងដែរ៕

