ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចាត់ប្រតិភូនាំយកអំណោយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ប្រគល់ជូនវីរកងទ័ពនៅសមរភូមិមុខ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានចាត់ប្រតិភូនាំយកអំណោយពីមូលធិនិដែលទទួលបានពីការបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងសប្បុរសជន ទៅប្រគល់ជូនវីរកងទ័ពនៃកងពលធំអន្តរាគមន៍លេខ៣ ដែលបានខិតខំតស៊ូដ៏ស្វិតស្វាញនិងប្តូរផ្តាច់នៅលើសមរភូមិ ដោយហ៊ានលះបង់ដ៏ធំធេង ដើម្បីបុព្វហេតុការពារអធិបតេយ្យនិងបូរណភាពទឹកដីនៃកម្ពុជាយើង។
ពិធីប្រគល់ទទួលអំណោយទាំងនេះ បានប្រព្រឹត្តទៅនៅសាលាខេត្តព្រះវិហារ រវាងឯកឧត្តម អ៊ុក ស៊ីហា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានប្រតិភូតំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។
អំណោយខាងលើនេះ រួមមាន៖ (១).បារីសេក ១០០សុង (២).សាច់ក្រក ១០០ គីឡូ (៣).ឆៃប៉ូវ ១០០គីឡូ (៤).ត្រីងៀត ១០០គីឡូ (៥).ទឹកត្រី ១០០យួរ (៦).ទឹកស៊ីអ៊ីវ ១០០យួរ (៧).សៀងផ្អែម ៥០យួរ (៨).មីកំប៉ុង ៨០កេស (៩).កាហ្វេ ៥កេស (១០).ត្រីខកំប៉ុង ៥កេស (១១).ទឹកបរិសុទ្ធ V-Active ៥០០កេស (១២).ទឹកបរិសុទ្ធ Angkor Puro ៣០០កេស (១៣).ទឹកបរិសុទ្ធគីរីរម្យ ១០០កេស (១៤).ភេសជ្ជៈ V-Cola ២៥០កេស (១៥).ភេសជ្ជៈ Krud Pure Charge ២៥០កេស (១៦).អំបុកសាច់ជ្រូកផាត់ ១៦០កញ្ជប់ (១៧).អំបុកត្រីងៀតផាត់ ៤១កញ្ជប់ (១៨).ចំណុះខ្លាញ់១០០កញ្ចប់ (១៩).គ្រាប់ពូជត្រកួន ១០០កញ្ចប់ និង (២០).ថវិកាចំនួន ២០ លានរៀល ដែលបានមកពីមូលធិនិដែលទទួលបានពីការបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងសប្បុរសជន ក្នុងស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិដ៏ក្លៀវក្លា និងការចែករំលែក ដែលគូសបញ្ជាក់ឱ្យឃើញថា សមរភូមិក្រោយឈរនៅពីក្រោយសមរភូមិមុខយ៉ាងរឹងមាំ និងជាកម្លាំងរួបរួមគ្នាជាធ្លុងមួយ ទាំងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជន ក្នុងបុព្វហេតុការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្តល់នូវអំណោយឧបត្ថម្ភនេះ។
គួរបញ្ជាក់ផងដែរថា កងពលធំអន្តរាគមន៍លេខ៣ គឺជាសម្ព័ន្ធមេត្រីភាពរបស់ទីស្តីការគណៈរដ្ឋមន្រ្តី៕

